មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណស្លាប់ ខណៈជនដៃដល់ត្រូវគេបាញ់សម្លាប់នៅនឹងកន្លែង
មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណម្នាក់ បានស្លាប់ ក្រោយជនដៃដល់បានចាក់សម្លាប់ កាលពីថ្ងៃ អង្គារ ក្នុងអំឡុងពេលផ្ទុះអំពើហឹង្សានៅមជ្ឈមណ្ឌលឆ្លងកាត់មួយនៅខាងក្រៅអាគារ ខណៈជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ ហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
មន្ទីរបញ្ចកោណ ដែលជាទីស្នាក់ការកណ្តាលរបស់យោធាអាមេរិកត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបុរសម្នាក់ បានវាយប្រហារមន្រ្តីនៅលើវេទិការថយន្តក្រុងមួយ។ នេះបើតាមឱ្យដឹងពីលោក Woodrow Kusse ប្រធានទីភ្នាក់ងារការពារកងកម្លាំងមន្ទីរបញ្ចកោណ ដែលទទួលខុសត្រូវចំពោះសន្តិសុខនៅក្នុងកន្លែងនេះ។
ការស្លាប់របស់មន្រ្តី និងជនសង្ស័យ ត្រូវបានបញ្ជាក់ជាលើកដំបូង ដោយមន្រ្តីដែលមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិក។ នាយកដ្ឋានប៉ូលីសខោនធី Fairfax ក៏បានសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់មន្រ្តីរូបនេះផងដែរ។ ក្រុមមន្រ្តី បាននិយាយថា ពួកគេជឿថាអ្នកឈរមើលពីរនាក់ទៀត បានរងរបួស។
ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណ ដោយមន្រ្តីអនុវត្តច្បាប់ជាច្រើននាក់ថា ឈ្មោះ Austin William Lanz អាយុ ២៧ ឆ្នាំមកពីរដ្ឋ Georgia ។
យោងតាមមន្រ្តីអនុវត្តច្បាប់ពីររូប បាននិយាយថា មន្រ្តីរូបនេះបានឡោមព័ទ្ធជនសង្ស័យ ហើយជនសង្ស័យបានរត់មករកគាត់ ហើយបានចាក់គាត់នៅក។ បន្ទាប់មកមន្រ្តីម្នាក់ទៀត ក៏បានបាញ់សម្លាប់ជនសង្ស័យតែម្ដង។ ក្រុមអ្នកស៊ើបអង្កេតនៅតែព្យាយាមកំណត់ពីមូលហេតុនៃការវាយប្រហារនេះ និងកំពុងស្វែងយល់ពីប្រវត្តិរបស់ជនសង្ស័យ រួមទាំងប្រវត្តិជំងឺផ្លូវចិត្ត ឬ ហេតុផលណាមួយ ដែលជននេះកំណត់គោលដៅលើមន្ទីរបញ្ចកោណ ឬ មន្រ្តីប៉ូលីស។