WHO៖ វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩បម្លែងថ្មីនានា ក្នុងនោះរួមទាំងវីរុសបម្លែងថ្មី Delta
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្សកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ១៩បម្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបម្លែងថ្មី Delta ផងដែរ ។
អង្គការសុខភាពពិភពលោក (WHO) បន្ថែមថា អ្នកចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) នៅតែអាចឆ្លងជំងឺកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាពការពារបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ។ ការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរ ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែសីហានេះបានអោយដឹងថា នៅទូទាំងពិភពលោក អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសមានចំនួន២,២៧២លាននាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) មានចំនួន១,១៦៣លាននាក់ ៕ ប្រភព៖ គេហទំព័រ WHO

