លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក អូស្រាលី​ សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក

នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។

សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC) ក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងអាស៊ាន និងសហរដ្ឋអាមេរិក។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការជួយរួមចំណែកចំនួន១លានដូស នៃវ៉ាក់សាំង Johnson & Johnson ជូនដល់ប្រទេសកម្ពុជា និងបានបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងពេលវេលាដ៏លំបាកនេះ។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយអូស្រ្ដាលី

កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសន្ទនារវាងអាស៊ាន និងអូស្ត្រាលី ដែលត្រូវបានបញ្ជាក់ដោយព្រឹត្តិការណ៍ដ៏ធំមួយកាលពីឆ្នាំមុន តាមរយៈការព្រមព្រៀងដោយភាគីទាំងពីរក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីប្រចាំឆ្នាំរបស់ខ្លួន។

ក្នុងការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២០-២0២៤ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការតភ្ជាប់ ជាពិសេសតាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងការបន្តគំនិតផ្តួចផ្តើមស្តង់ដារឌីជីថលអាស៊ាន-អូស្ត្រាលី។

អាស៊ានបានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានការគាំទ្រ សំដៅលើកកម្ពស់ការទទួលបានវ៉ាក់សាំង និងសន្តិសុខសុខភាពនៅទូទាំងតំបន់ រួមមានការសន្យាជំនួយហិរញ្ញវត្ថុរបស់អូស្រ្តាលី ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការបង្កើតគំនិតផ្តួចផ្តើមសន្តិសុខសុខភាពអាស៊ាន-អូស្ត្រាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសំណើរបស់អូស្ត្រាលី ក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានរួមចំណែកយ៉ាងសកម្មដល់សមាហរណកម្មតំបន់ និងការបង្រួម គម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។ ឯកឧត្តម​ ក៏បានគូសបញ្ជាក់អំពីការគំាទ្រយ៉ាងសំខាន់ដែលអូស្រ្តាលី បានផ្តល់ការឧបត្ថម្ភសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហព័ន្ធរុស្ស៊ី

កិច្ចប្រជុំនេះ បានកត់សម្គាល់នៃការបញ្ចប់កិច្ចចរចាលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- រុស្ស៊ី (២០២១-២០២៥) និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើកិច្ចសហការបន្ថែមទៀត​ ស្តីពីការត្រៀមលក្ខណៈទុកជាមុន និងឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាត។

អាស៊ាន និងរុស្ស៊ី បានកត់សម្គាល់សំណើរបស់រុស្ស៊ីក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ នៅចុងឆ្នាំនេះ ដើម្បីរំលឹកខួប ២៥ឆ្នាំ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងបានស្វាគមន៍ការកំណត់ឆ្នាំ២០២២ ជា ​«ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្មអាស៊ាន- រុស្ស៊ី»។ កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងការគំរាមកំហែងដោយគ្រឿងញៀន និងការជំរុញកំណើនតាមរយៈវិស័យទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានទទួលតួនាទីជាប្រទេសសម្របសម្រួលរបស់អាស៊ានសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី បន្តពីប្រទេសឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២១-២០២៤។ កម្ពុជាបានអះអាងជាថ្មី អំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានាដែលអាចអនុវត្តបាន និងបានលើកទឹកចិត្តឱ្យមានការតភ្ជាប់សេដ្ឋកិច្ច បន្ថែមទៀត តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (ASEAN-EAEU) ឆ្នាំ២០២០-២០២៥ និងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយថ្មី ឆ្នាំ២០២១-២០២៥ ។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយឥណ្ឌា

អាស៊ានបានស្វាគមន៍ចំពោះការកំណត់​យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» និងសំណើ របស់ឥណ្ឌា សម្រាប់សេចក្តីប្រកាសរួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)  និងគំនិតផ្តួចផ្តើមនៃមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Oceans Initiative-IPOI) ។
ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ អាស៊ានបានលើកទឹកចិត្តឱ្យមានការពង្រីកបន្ថែមទៀតនូវគម្រោង តភ្ជាប់រូបវ័ន្ត និងឌីជីថល រវាងអាស៊ាន និងឥណ្ឌា ហើយនិងរំពឹងដល់ការបញ្ចប់ឱ្យទាន់ពេលវេលានូវផ្លូវល្បឿនលឿនត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពពង្រីកផ្លូវល្បឿនលឿនត្រីភាគីដល់ប្រទេស កម្ពុជា ឡាវ និងវៀតណាម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា ការឈានមុខរបស់ឥណ្ឌាក្នុងវិស័យឱសថសាស្ត្រ បង្ហាញនូវឱកាសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ រវាងប្រទេស​ជា សមាជិកអាស៊ាន និងឥណ្ឌា។​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហ- ប្រតិបត្តិការបន្ថែមទៀតលើការជំរុញពាណិជ្ជកម្ម0 និងបានបញ្ជាក់អំពីសារៈសំខាន់នៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-ឥណ្ឌា (AIBC) ក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនង​រវាងមេដឹកនាំធុរកិច្ចសំខាន់ៗ។ ឯកឧត្តម ក៏បានលើកទឹកចិត្តផងដែរដល់ប្រទេសឥណ្ឌា ឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើ សមាហរណកម្មតំបន់របស់អាស៊ាន តាមរយៈ​ផែនការការងារ IAI ដំណាក់កាលទី៤ ជាពិសេស លើវិស័យពាក់ព័ន្ធនឹងឌីជីថលូបនីយកម្ម និងបច្ចេកវិទ្យាឈានមុខ ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា (EAS) លើកទី១១

កិច្ចប្រជុំបានទទួលស្គាល់វឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានប្តេជ្ញាចិត្តពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការអនុវត្តផែនការសកម្មភាពនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

កិច្ចប្រជុំបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងបានអំពាវនាវឱ្យអាចទទួលបានវ៉ាក់សាំងដោយសមភាព មានតម្លៃសមរម្យ និងទាន់ពេលវេលា និងលំហូរគ្រប់គ្រាន់នៃសម្ភារៈផ្គត់ផ្គង់ វេជ្ជសាស្រ្ត ដើម្បីគាំទ្រដល់ការរក្សាសន្តិសុខសុខភាពសាធារណៈ នៅចំពោះមុខការកើនឡើងវិញនៃការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងដំណើរការ EAS ដើម្បីបម្រើបុព្វហេតុរួមកាន់តែប្រសើរឡើង និងបានសង្កត់ធ្ងន់លើចាំបាច់ ដើម្បីបន្តផ្តោតលើការផ្តល់លទ្ធផលរឹងមាំ ក្នុងវិស័យអាទិភាពទាំងប្រាំបួន ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីគុណសម្បត្តិក្នុងការកែសម្រួលទិសដៅនៃផែនការសកម្មភាពថ្មី ដើម្បីផ្តោតការយកចិត្តទុកដាក់ឱ្យបានកាន់តែធំធេងលើបញ្ហាអាទិភាពស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដូចជា ការពង្រឹងសន្តិសុខសុខភាពសាធារណៈ ការលើកកម្ពស់ភស្តុភារនិងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ឌីជីថលូប- នីយកម្ម និងសហគ្រិនភាពរបស់ស្ត្រី និងយុវជន។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមមាន ការកើន ឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន វិបត្តិនយោបាយ-សន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពជាអចិន្រ្តៃយ៍ និងការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner