ក្រុមហ៊ុនជប៉ុន Shionogi កំពុងសហការជាមួយ Pfizer និង Merk ដើម្បីធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩លើមនុស្ស
ជប៉ុន៖ ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី (Shionogi) បានចូលរួមជាមួយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺកូវីដ១៩ប្រកបដោយសុវត្ថិភាព ហើយការធ្វើតេស្តលើមនុស្សក៏កំពុងចាប់ផ្តើមផងដែរ ដោយអ្នកចូលរួមធ្វើតេស្តតម្រូវអោយលេបថ្នាំ១គ្រាប់ក្នុង១ថ្ងៃ ។
បើតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុនមួយនេះ ខ្លួនបានអភិវឌ្ឍថ្នាំគ្រាប់មួយប្រភេទ ដើម្បីកម្ចាត់វីរុសកូវីដ១៩នៅក្នុងខ្លួនមនុស្ស ហើយការលេបវាក្នុងមួយថ្ងៃតែមួយគ្រាប់ គឺផ្តល់ភាពងាយស្រួលកាន់តែច្រើន ។ ក្រុមហ៊ុន ស៊ីអូណូហ្គី បានបញ្ជាក់ថា ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ហើយផលប៉ះពាល់ណាមួយដែលកើតមាននៅក្នុងខែនេះ ទំនងជាអាចនឹងបន្តដល់ឆ្នាំក្រោយ ដើម្បីអោយក្រុមហ៊ុនធ្វើការវិភាគអំពីលទ្ធផល ។
សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី ហាក់ដើរក្រោយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ដោយសារតែក្រុមហ៊ុនរបស់អាមេរិកទាំងពីរនេះ បានធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩អស់ជាច្រើនខែរួចមកហើយ ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងបីនេះបានប្តេជ្ញាថា នឹងចូលរួមបំពេញចន្លោះប្រហោងដ៏ធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ៕ ប្រភព៖ Wall Street Journal