បន្ទាប់ពី កឹម សុខា អង្គុយដង្ហក់, សម រង្ស៊ី ស្ពាយទោសដាបខ្លួន ជំរុញឱ្យអតីតមន្រ្តីធ្លាប់គាំទ្រចែកជើងគ្នាបង្កើតទ្រនុំថ្មី
ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា និងជាអ្នកដែលបានរិះគន់យ៉ាងចាស់ដៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថាជាអ្នកកម្ទេចគណបក្សសង្គ្រោះជាតិ បានទៅចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជាដែលទើបបង្កើតថ្មី។ ចំណែកលោក ប៉ុល ហំម បេក្ខជនប្រធានគណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ថា លោក ពិន សំខុន ពិតជាបានមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ពិតប្រាកដមែន។
យោងតាមខ្លឹមសារអត្ថបទដែលសរសេរដោយលោក ពិន សំខុន កាលពីថ្ងៃទី៣ ខែសីហាបានឲ្យដឹងថា ក្នុងបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរត្រូវការគណបក្សថ្មីមួយ ឬច្រើនជាងសព្វថ្ងៃ ដែលឯករាជ្យបរិសុទ្ធ ដើម្បីចូលរួមកាន់អំណាចនិតិបញ្ញត្តិនៅរដ្ឋសភាខ្មែរ ដែលបានបាត់បង់លក្ខណៈពហុបក្សរបស់ខ្លួន ខុសនឹងរដ្ឋធម្មនុញ្ញជិត១០ឆ្នាំហើយ។ លោកបញ្ជាក់ថា “ខ្ញុំបានសម្រេចចិត្តដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា ដែលមានររូបសញ្ញាក្បាលដំរីកាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យកតាំងពីឆ្នាំ១៩៩៣មក។ ហេតុអ្វី ? ពីព្រោះប្រជាពលរដ្ឋម្នាក់ៗត្រូវតែស្គាល់ និងគិតគូរពីនយោបាយខ្មែរ។ គិតហើយគួរតែចូលរួមឱ្យបានសកម្ម បើខ្លួនចង់ជួយប្រជាជាតិរបស់ខ្លួនមែននោះ ហើយដែលខ្ញុំចង់ឃើញ គឺកម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យសេរី មានគណបក្សជាច្រើន តំណាងដោយអ្នកមានកេរ្តិ៍ឈ្មោះឆ្នើម និងគួរឱ្យគោរពចេញមកប្រឡូកចង់ឈ្នះក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិ២០២២-២០២៣ ខាងមុខ និងចង់អនុវត្តន៍នូវភាពបរិសុទ្ធរបស់ខ្លួនស្រោចស្រង់ប្រជាជាតិពីការគ្រប់គ្រងប្រទេសកម្ពុជា ដោយគណបក្សតែមួយនោះ”។
លោក ពិន សំខុន បានបន្តថា លោកបានឃើញនៅពេលចូលជ្រៅទៅក្នុងគណបក្សថ្មីមែន តែមានអ្នកនយោបាយបទពិសោធន៍ចាស់ឆាំ្នមកគ្រប់គ្រងគណបក្សកែទម្រង់កម្ពុជា ផ្តើមធ្វើការស្វិតស្វាញ ចេះស្តាប់យោបល់គ្នាទៅវិញទៅមក និងស្តាប់អ្នកដទៃ។ និយាយស្តី មិនបំផ្លើសពីការពិត។ ជាពិសេសមានប្រវត្តិច្រើនឆ្នាំជាមនុស្សឯករាជ្យអ្នកប្រជាធិបតេយ្យ។ ធ្លាប់បង្ហាញថាមានការបរិច្ចាគខ្ពស់ ដើម្បីឧត្តមគតិរបស់ខ្លួននៅគ្រប់ឱកាសដែលប្រជាពលរដ្ឋជាឈាមជ័ររបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ម្តងៗ។ ក្រៅពីនេះ គណបក្សកែទម្រង់កម្ពុជា មានបំណងនៅពេលឆ្លងគោលដៅដំបូងរួចហើយ នឹងដឹកនាំកម្ពុជាទៅរកគំរូពិតប្រាកដនៃប្រទេសប្រជាធិបតេយ្យសេរី យុត្តិធម៌ ទំនើប និងឯករាជ្យ។ ការសម្រេចចិត្តរបស់លោកពេលនេះ ដោយចង់បង្ហាញពីទឹកចិត្តចង់ចូលរួមមតិ រួមវិភាគទានដោយស្មោះស្ម័គ្រ តាមតែអាចធ្វើទៅបាន ដើម្បីកែប្រែអនាគតដ៏លំបាករបស់ពលរដ្ឋខ្មែរចេះតែរងគ្រោះ នឹងប្តូរប្រទេសយើងឱ្យជួបតែភាពរីករាយនឹងចម្រុងចម្រើន សម្រាប់ទាំងអស់គ្នា។
លោក ប៉ុល ហំម
ចំណែកលោក ប៉ុល ហំម បេក្ខជនប្រធានគណបក្សកែទម្រង់កម្ពុជាបានប្រាប់ AMS កាលពីព្រលប់ថ្ងៃទី៥ ខែសីហានេះថា លោក ពិត សំខុន ពិតជាបានមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជាប្រាកដមែន ដោយកាលពីយប់ថ្ងៃទី៤ ខែសីហា គាត់បានទូរស័ព្ទមកជជែកអំពីការចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា។ លោក ប៉ុល ហំម បានបញ្ជាក់បន្ថែមថា ចំពោះតួនាទីសម្រាប់លោក ពិន សំខុន គឺមិនទាន់មាននៅឡើយទេ រង់ចាំគណបក្សទទួលបានសុពលភាពពេញលេញពីក្រសួងមហាផ្ទៃសិន និងនៅពេលធ្វើសមាជ ទើបគិតគូរអំពីតួនាទីរបស់លោក ពិន សំខុន។ ដូច្នេះមិនទាន់មានលក្ខខណ្ឌថា លោក ពិត សំខុន មកចូលរួមជាមួយ ទទួលបានតួនាទីអី គឺនៅមិនទាន់មានទេ។
សូមជម្រាបថា លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដែលវិទ្យុនេះតែងតែគាំទ្រផ្កាប់មុខដល់បក្សប្រឆាំង។ ប៉ុន្តែលោក ពិន សំខុន ក្រោយមកបានរិះគន់ធ្ងន់ៗថា ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ជាអ្នកកម្ទេចគណបក្សសង្គ្រោះជាតិ និងបានប្រដៅ សម រង្ស៊ី កុំឱ្យជ្រើសរើសយកវិធីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបក្រៅការបោះឆ្នោតផ្ទុយពីប្រជាធិបតេយ្យ។ លោក ពិន សំខុន បានអះអាងយ៉ាងដូច្នេះថា «លោក រង្ស៊ី កុំទៅធ្វើតាមរបៀបហ្នឹងអី ! ធ្វើរបៀបនេះមិនបានផលល្អទេ។ ប្រជាពលរដ្ឋត្រូវការជឿ និងចង់ឃើញថា តើត្រូវទៅយកអំណាចយ៉ាងម៉េច មនុស្សប៉ុន្មាននាក់? ខ្ញុំថាឱ្យ សម រង្ស៊ី មាន២ពាន់នាក់ ទៅ៣ពាន់នាក់ តើទៅទប់យ៉ាងម៉េចជាប់ បើចង់បាន១លាននាក់ទាល់តែ២០ដងពីលើនេះបានៗ»។
បើតាមអ្នកដែលធ្លាប់ជោកជាំដោយការគាំទ្ររូបនេះ បាននិយាយថា ស្ថិតនៅក្នុងស្ថានភាពនេះ សម រង្ស៊ី មានវិធីតែមួយគត់ គឺការបង្រួបបង្រួមអតីតគណបក្សរបស់ខ្លួនឡើងវិញ ដោយត្រូវតែបង្រួបបង្រួមជាមួយអ្នក កឹម សុខា និយម ប៉ុន្តែមេដឹកនាំប្រឆាំងនេះ មិនដែលគិតអំពីការបង្រួបបង្រួមជាមួយលោក កឹម សុខា ទេ។
លោក ពិន សំខុន បានរិះគន់យ៉ាងចាស់ដៃថា «លោក រង្ស៊ី គាត់បានបំបែកខ្ទេចគណបក្សសង្រ្គោះជាតិ។ គឺបំបែកអស់ទៅហើយ តែមនុស្សមួយចំនួនយល់ថា សម រង្ស៊ី ដើរប្រមូលមនុស្សទៅរំដោះជាតិ។ ខ្ញុំយល់ថា ការទៅរំដោះជាតិរបស់ លោក រង្ស៊ី មិនបានធ្វើឱ្យគេជឿទេ។ មនុស្សនៅជាមួយគាត់ជឿគាត់ ប៉ុន្តែគាត់ថាទៅចាប់ ហ៊ុន សែន។ យី ! ខ្ញុំចង់ទៅជាមួយណាស់ បើថាទៅចាប់ ហ៊ុន សែន អ៊ីចឹង ! ចាប់របៀបម៉េច ក្រែងលគាត់មានសិល្ប៍អ្វីទៅចាប់។ ប៉ុន្តែគ្មានគម្រោងគ្មានអ្វីទាំងអស់។ គណបក្សហ្នឹងមិនដែលមានគម្រោងអ្វីទាំងអស់ ហើយគណបក្សនេះ មិនដែលមានគម្រោងអ្វីដើម្បីដោះស្រាយបញ្ហាជាតិទេ។ កន្លងទៅខ្ញុំគាំទ្រលោក សម រង្ស៊ី ហ្នឹងច្រើន។ ប៉ុន្តែឥឡូវខ្ញុំបន្ថយ ដោយសារតែវាគ្រោះថ្នាក់ខ្លាំងពេក»៕
ដោយៈពលជ័យ