គេហដ្ឋានរដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថានរងការវាយប្រហារដោយក្រុមតាលីបង់
ហ៊ីម រដ្ឋា
គេហដ្ឋានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ត្រូវបានរងការវាយប្រហារ ដោយគ្រាប់បែកបង្កៃដាក់ជាមួយរថយន្តមួយគ្រឿង ហើយអមជាមួយនឹងការបាញ់រះតាមពីក្រោយ កាលពីយប់ថ្ងៃអង្គារនេះ។
គេហដ្ឋានរបស់រដ្ឋមន្ត្រីការពារជាតិរូបនោះ ស្ថិតនៅក្នុងតំបន់ពណ៌បៃតងនៃរដ្ឋធានីកាប៊ុល ដែលតំបន់នេះជាតំបន់មានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹង។ យ៉ាងណាមិញ លោក Mohammadi មិនស្ថិតនៅក្នុងផ្ទះនោះទេ។ ក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ខណៈខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈ ២០នាក់រងរបួស ដោយក្នុងនោះក៏មានជនស៊ីវិលផងដែរ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរ។
យោងតាមប្រភពពីរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា គ្រាប់បែកនោះជាគ្រាប់បែកអត្តឃាត។ ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ។
ក្រុមសកម្មប្រយុទ្ធនេះបានព្រមានថា ការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកាប៊ុលនឹងបន្តទៀត ស្របពេលដែលទូទាំងអាហ្វហ្គានីស្ថានមានការប្រយុទ្ធតទល់គ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពតាលីបង់ ក្រោយពេលដែលកងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តប្រកាសដកចេញពីប្រទេសនេះ៕
ប្រភព៖
Gunmen attack home of Afghan defence minister in Kabul