ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំយកស្បៀងនិងភេសជ្ជៈមួយចំនួន របស់សម្តេចក្រឡាហោម ផ្តល់ជូនពលករខ្មែរ១១នាក់ ដែលសមត្ថកិច្ចព្រំដែនខាងថៃ ឃាត់ទុកមុនពេលឆ្លងព្រំដែន

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងឯកឧត្តមប្រធានក្រុមប្រិក្សាខេត្តបាត់ដំបង ព្រមទាំងថ្នាក់នាំសំខាន់ៗនិងស្ថាប័នមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខដល់ពលករខ្មែរចំនួន១១នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងគោលបំណងដើម្បីឆ្លងព្រំដែនចូលមកកាន់ស្រុកកំណើតខ្លួនវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រំដែនថៃធ្វើការចាប់ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកស្រុកខ្មែរ កាលពីថ្ងៃទី៤ខែសីហាកន្លងទៅនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូមួយក្រុមចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឺកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលប្រឈម និងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគ-បរិភោគអង្ករ២០០គក្រ មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ទៅប្រគលជូនដល់បងប្អូនពលករទាំងនោះដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះ។

      សូមបញ្ជាក់ថា៖ ពលករខ្មែរចំនួន១១នាក់ ដែលត្រូវបានជាប់គាំង ដោយការឃាត់ទុកពីកងកម្លាំងសមត្ថកិច្ចរបស់ថៃនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃកាលពីពេលថ្មីៗនេះ ត្រូវទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ភាគីថៃនៅទីនោះ។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទច្រកព្រំដែន ជាមួយ ភាគីថៃជាបណ្ដោះអាសន្នកន្លងមក ដេីម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-19 បម្លែងខ្លួនថ្មី ប្រភេទ Delta. ។

       បើតាមការគូសបញ្ជាក់ពីលោក នាង ច័ន្ទថារ៉ា ប្រធានច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងជាអ្នកសម្របសម្រួលជាមួយអាជ្ញាធរថៃ ជាប់ព្រំដែន បានឲ្យដឹងថា៖ ក្នុងដំណើរចុះជួបពលករខ្មែរដែលឃាតទុកក្នុងភូមិសាស្ត្រខាងលើនេះក្នុងនោះក៏មានវត្តមាន លោកអភិបាលស្រុកខ្លងហាត ខេត្តស្រះកែវ និង កងកម្លាំងការពារ តាមបន្ទាត់ព្រំដែនរបស់ថៃ ចូលរួមផងដែរ ហើយបានជម្រាបជូនឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងប្រតិភូ ឲ្យដឹងថាបងប្អូនពលករទាំង១១នាក់នេះ គឺជាពលករមកពីស្រុកខ្លងហាត ខេត្តស្រះកែវ(ថៃ)ក្នុងគោលបំណងវិលត្រឡប់មកស្រុកខ្មែរ ដើម្បីទៅស្រុកកំណើតខ្លួននៅក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៤ ខែសីហាថ្មីៗនេះ ហើយត្រូវបានឃាត់ខ្លួនឲ្យស្នាក់នៅបណ្តោះអាសន្នទីកន្លែងនេះ។ លោកអភិបាលស្រុកខ្លងហាត ក៏បានឲ្យដឹង

ទៀតថា៖ ក្នុងចំណោមពលករទាំង១១នាក់នេះ គឺមានស្ត្រីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែ ហើយក៏ត្រូវបានអាជ្ញាធររបស់ខ្លួន បញ្ជូនឲ្យទៅកាន់មន្ទីរពេទ្យនៅស្រុកអរញ្ញហើយផងដែរ។

      ក្នុងដំណើរចុះសាកសួរសុខទុក្ខនាំយកអំណោយ ជាស្បៀងអាហារ ភេសជ្ជៈសម្ភារៈប្រេីប្រាស់និងថ្នាំពេទ្យមួយចំនួន ដើម្បីចែកជូនដល់ពលករទាំង១១នាក់ ដែលភាគីថៃឃាត់ទុកមួយរយៈនៅចំណុចប្រឈមនិងអូរព្រំដែនប៉ុស្ត៍ចក្រី នៃ ស្រុកសំពៅលូន ជាមួយនិងស្រុកខ្លងហាត (ថៃ)។

        ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលធ្វើការឃាត់ទុក និងផ្តល់នូវទីតាំងឲ្យស្នាក់នៅជាបណ្តោះអាសន្នចំពោះពលករខ្មែរ។ដោយក្នុងនោះដែរឯកឧត្តមអភិបាលខេត្តនិងរ៉ាប់រងក្នុងការដោះស្រាយស្បៀងជូនបងប្អូនពលករទាំងនោះ។

     ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ភាគីថៃ សូមជួយផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការឆ្លងដែនរបស់ពលករខ្មែរ សូមឲ្យបន្តជួយឃាតទុកនិងនាំមកកាន់ទីនេះឲ្យស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបិទខ្ទប់ព្រំដែនមិនឲ្យឆ្លងកាត់ ចេញចូល ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 បំប្លែងថ្មី ប្រភេទDelta។ 

       ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានអំពាវនាវ និង សំណូមពរយ៉ាងទទូចសុំឲ្យបងប្អូនពលករដែលកំពុងស្នាក់នៅទីនេះនិងបងប្អូនពលករដទៃទៀតសូមបន្តអត់ធ្មត់ពីគោលបំណងចង់វិលត្រឡប់មកស្រុកកំណើតវិញក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលបានបិទខ្ទប់តាមច្រកព្រំដែនទាំងអស់មិនឲ្យឆ្លងចេញចូលទៅមកបាន រយៈពេល១៤ថ្ងៃ កន្លងមកនេះ។

      ជាការឆ្លេីយតបនោះ ខាងភាគីថៃ បានធ្វើការសន្យាដោយអះអាងថា៖ ពួកគេនិងនឹងជួយមើលថែទាំពលករខ្មែរឱ្យបានល្អស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner