រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់អំពីទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញៈ ក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែសីហា ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើ ការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សមភាព និងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបនាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត តាមការឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ និងបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០១៨-២០២២)។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដោយឈរលើជំនឿរួមនៅក្នុងសណ្តាប់ធ្នាប់ពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសនៅពេលដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួម។ ភ្ជាប់ជាមួយបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរតួនាទីដ៏សកម្មរបស់សហភាពអឺរ៉ុប នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការរួមចំណែករបស់ខ្លួន ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងចំពោះកញ្ចប់ថវិកា «ក្រុមអឺរ៉ុប (Team Europe)» របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ច្រើនជាង៨០០លានអឺរ៉ូ ជួយដល់អាស៊ានក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់អំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត តាមរយៈក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)។

នៅក្នុងការពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប កិច្ចប្រជុំបានអះអាងជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌របស់អាស៊ាន-សហភាពអឺរ៉ុប នៅក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្មនិងវិនិយោគ សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ទេសចរណ៍ ទីក្រុងឆ្លាត ការការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវសាស្រ្តចម្រុះ ការគ្រប់គ្រងគ្រោះមហន្តរាយ ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្រួមគម្លាតអភិវឌ្ឍន៍ ទេសន្តរប្រវេសន៍ យុវជន និងការអប់រំជាដើម។ កិច្ចប្រជុំបានផ្តល់យោបល់ថា តំបន់ទាំងពីរមានភាពចាំបាច់ត្រូវដោះស្រាយការធ្វើពាណិជ្ជកម្មទ្វេភាគីដោយសមធម៌ ខណៈដែលតំបន់ទាំងពីរកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តដែលទើបត្រូវបានលើកកម្ពស់ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវីញទៅមក។ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគាំទ្រសំណើរបស់សហភាពអឺរ៉ុបក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នៅឆ្នាំ២០២២ នៅទីក្រុងព្រុចសែល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner