កម្ពុជាគាំទ្រការបន្តចរន្តទំនាក់ទំនងឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ

ភ្នំពេញៈ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនងដែលជាជំហានប្រកបដោយការស្ថាបនា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាបានស្វាគមន៍ការបន្តការចរចាលើអត្ថបទរបស់ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (1982 UNCLOS)។

សូមបញ្ជាក់ថា កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ បានប្រារព្ធឡើងកាលពីថ្ងៃទី៦ ខែសីហា។

ប្រភពក្រសួងការបរទេសបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគីនិយម សម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោប ដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីយកម្ម៕ ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner