ការរីកចម្រើននៃវិស័យទាហានស៊ីឈ្នួលនៅកូឡុំប៊ី នៅពីក្រោយរឿងឃាតកម្មប្រធានាធិបតីហៃទី

បូហ្គោតា៖ ​​​ក្រុម​អ្នក​ស៊ើប​អង្កេត​នៅ​ប្រទេស​ហៃទី​ កំពុង​ស្វះស្វែង​បន្ត​ស្វែង​រក​មេខ្លោង​នៅ​ពី​ក្រោយ​ការ​ជួល​អតីត​ទាហាន​កូឡុំប៊ី​ជាង​ ២០ ​នាក់​​ក្នុង​​ឃាតកម្ម​លោក​ប្រធានាធិបតី​ Jovenel Moïse ​កាល​ពី​ខែ​ដើម​កក្កដា​ ដែល​ធ្វើ​ឱ្យ​​កោះ​ហៃទី​ដែល​កំពុង​តែ​មាន​បញ្ហា​ស្រាប់​ផង​នោះ​ ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយកាន់​តែ​ខ្លាំង​ទៅ​​។​

​ប៉ុន្តែ​រឿង​មួយ​ដែល​គេ​ចាប់​អារម្មណ៍​នោះ​ត្រង់​ថា​ ​​ការ​ចាប់​ខ្លួន​អតីត​ទាហាន​ទាំង​ ១៨ ​នាក់​ដែល​នៅ​សេស​សល់​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ព័រអូប្រាំង​ បាន​ធ្វើ​ឱ្យ​មាន​​ការ​ជជែក​វែក​ញែក​គ្នា​អំពី​របៀប​ដែល​កូឡុំប៊ី​ ប្រព្រឹត្ត​ចំពោះ​អតីត​យុទ្ធជន​ ដែល​បន្សល់​ទុក​ពី​ជម្លោះ​ស៊ីវិល​ដែល​អូស​បន្លាយ​ក្នុង​ប្រទេស​នេះ​រយៈ​ពេល​ ៧៣ ​ឆ្នាំ​។​

​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​កូឡុំប៊ី​ ទាហាន​ជាង​ ១ ម៉ឺន​ នាក់​របស់​ខ្លួន​ បាន​ចូល​និវត្តន៍​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​សង្គ្រាម​នេះ​ ​ប៉ុន្តែ​ភាគ​ច្រើន​គឺ​ជា​ទាហាន​ដែល​​​ចាក​ចេញ​ដោយ​មាន​ប្រាក់​សោធន​និវត្តន៍​ កម្រិត​អប់រំ​តិច​តួច​ និង​បទ​ពិសោធន៍​​ក្នុង​ការប្រឡូក​ពិភព​ស៊ីវិល​នៅ​មាន​កម្រិត​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​កាសែត​ញូវ​យ៉ក​ថែមស៍​ ទាហាន​ទាំង​នេះ​រាប់​ពាន់​នាក់​ បាន​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​មាន​ឱកាស​តិច​តួច​នៅ​ក្នុង​ប្រទេស​ ហើយ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ អតីត​ទាហាន​កូឡុំប៊ី ​បាន​ក្លាយ​ជា​អ្នក​ចូល​រួម​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ទាហាន​ស៊ី​ឈ្នួល​របស់​ពិភព​លោក​​ ដោយ​មាន​ក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ជា​ច្រើន​ជួល​ពួក​គេ​។​

ទាហាន​ស៊ី​ឈ្នួល​របស់​កូឡុំប៊ី​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ស្ទើរ​តែ​គ្រប់​ជ្រុង​នៃ​ពិភព​លោក​ ​ដោយ​ធ្វើ​ការ​ជា​អ្នក​ម៉ៅ​ការ​អាមេរិក​​ស្រប​ច្បាប់​នៅ​អ៊ីរ៉ាក់​ យេម៉ែន​ និង​អាហ្វហ្គានីស្ថាន​ ឬ​​​ជា​អ្នក​បណ្តុះ​បណ្តាល​ក្រុម​ជួញដូរ​គ្រឿង​ញៀន​នៅ​ម៉ិក​ស៊ិក​ជា​ដើម​។​ ក្រុម​នេះ​មាន​តម្រូវការ​ខ្ពស់​ ដោយ​សារ​តែ​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​ជា​អ្នក​ប្រយុទ្ធ​ដែល​​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ​ប្រកប​ដោយ​​បទ​ពិសោធន៍​ខ្ពស់​ក្នុង​សង្គ្រាម​ទ័ព​ព្រៃ​ និង​បញ្ហា​សន្តិសុខ​ស្មុគស្មាញ​ផ្សេង​ទៀត​ គួប​ផ្សំ​នឹង​ឆន្ទៈ​​ធ្វើ​ការ​របស់​ពួក​គេ​ទោះ​បើ​​ទទួល​បាន​ប្រាក់​ឈ្នួល​តិច​តួច​​​។

​លោក​ Isaías Suache​ អាយុ​ ៤៤​ ឆ្នាំ ជា​អតីត​មេ​បញ្ជាការ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កូឡុំប៊ី​បាន​និយាយ​ថា​៖​ «​យើង​គឺ​ជា​ម៉ាស៊ីន​នៃ​សង្រ្គាម​ ហើយ​វា​គឺ​ជា​អ្វី​ដែល​យើង​​ត្រូវ​បណ្តុះ​បណ្តាល​ដើម្បី​ធ្វើ​។ យើង​មិន​ដឹង​ជា​ធ្វើ​អ្វី​ក្រៅ​ពី​នេះ​ទេ​»​។​

​កាល​ពី​ដើម​ឆ្នាំ​នេះ​ ​មាន​ទាហាន​កូឡុំប៊ី​ដែល​ចូល​និវត្តន៍​​ប្រហែល​ ២០ ​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហៃទី​ បន្ទាប់​ពី​​អ្នក​បម្រើ​ការ​សេវា​ដូច​គ្នា​ម្នាក់​បាន​សន្យា​ថា​ ពួក​គេ​នឹង​ទទួល​បាន​ការងារ​សន្តិសុខ​​ដែល​មាន​ប្រាក់​ឈ្នួល​ ២៧០០ ​ដុល្លារ​ក្នុង​មួយ​ខែ ​ជិត​ ៧ ​ដង​នៃ​ប្រាក់​សោធន​និវត្តន៍​ ៤០០ ​ដុល្លារ​របស់​ខ្លួន​។​ យោង​តាម​បទ​សម្ភាសន៍​ផ្សេង​ៗ​ ក្រុម​គ្រួសារ​របស់​ទាហាន​ទាំង​នេះ​​និយាយ​ថា​ ខ្លួន​ជឿ​ថា​ពួក​គេ​នឹង​ទៅ​ធ្វើ​ការ​ដែល​ស្រប​ច្បាប់​ គឺ​ការ​ពារ​បុគ្គល​ដ៏​សំខាន់​ម្នាក់​។​

​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​ឃាតកម្ម​នៅ​​ហៃទី ត្រូវ​បាន​ញាំញី​ដោយ​ភាព​មិន​ប្រក្រតី​ និង​ការ​រំលោភ​បំពាន​លើ​ដំណើរ​ការ​នីតិ​វិធី​ ដោយ​ទុក​ឱ្យ​មនុស្ស​ជា​ច្រើន​នៅ​ទីនោះ​ រួម​ទាំង​នៅ​កូឡុំប៊ី​ផង​ ព្រួយ​បារម្ភ​ថា​ការ​ពិត​នឹង​មិន​ត្រូវ​បាន​លាត​ត្រដាង​។​

​មន្រ្តី​កូឡុំប៊ី​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​ទាហាន​ចូល​និវត្តន៍​​ទាំង​នោះ ​ទៅ​​ហៃទី​ គឺ​ជាជម្រើស​បុគ្គល​ជាមួយ​នឹង​ផល​វិបាក​ដ៏​ខ្លោច​ផ្សា។​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​កូឡុំប៊ី​ លោក​ Diego Molano ​បាន​និយាយ​ថា​៖ ​«​កង្វះ​ឱកាស​នៅ​ផ្ទះ​ មិន​អាច​ជា​លេស​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឡើយ​»​។​

​​ប៉ុន្តែ​​ប៉ុន្មាន​សប្តាហ៍​ចាប់​តាំង​ពី​​ឃាតកម្ម​បាន​កើត​ឡើង​ អតីត​យុទ្ធជន​កូឡុំប៊ី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កូឡុំប៊ី​ពិចារណា​ឡើង​វិញ​ អំពី​ការ​ប្រព្រឹត្ត​ចំពោះ​ទាហាន​របស់​ខ្លួន​ ហើយ​ពិនិត្យ​មើល​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ជ្រើស​រើស​ទៅ​បម្រើ​សេវាកម្ម​នៅ​ក្រៅ​ប្រទេស​​។​ អតីត​យុទ្ធជន​ និង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​និយាយ​ថា​ ការ​មិន​ពេញ​ចិត្ត​របស់​អតីត​ទាហាន​​ បាន​បើក​ទ្វាស​ម្រាប់​អ្នក​ដែល​ជួល​ពួក​គេ​ ដែល​អាច​ឱ្យ​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​សន្តិសុខ​ពិភព​លោក​។​

​លោក​ Raúl ​Musse ​អាយុ ​៥០​ ឆ្នាំ​ ដែល​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កូឡុំប៊ី​ម្នាក់​ទៀត​បាន​និយាយ​ថា​៖​ «​គាំទ្រ​និង​ជួយ​យើង​​ នោះ​មនុស្ស​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាគត​របស់​យើង​»​។​

​ប្រាក់​សោធន​និវត្តន៍​ប្រចាំ​ខែ​ចំនួន​ ៤០០ ​ដុល្លារ​ ​ជួយ​បាន​តិច​តួច​សម្រាប់​ជីវិត​រស់​នៅ​ក្នុង​ក្រុង​ដូច​ជា​បូហ្គោតា​។​ ប៉ុន្តែ​បន្ទាប់​ពី​បាត់​បង់​ផល​ប្រយោជន៍​យោធា​​​នេះ​ ​ទាហាន​ជា​ច្រើន​នៅ​តែ​ត្រូវ​បង់​បំណុល​សម្រាប់​គ្រួសារ​របស់​ខ្លួន​ រួម​ទាំង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផង​។​

​​ក្នុង​ឆ្នាំ ​២០១៩ ​ច្បាប់​អតីត​យុទ្ធជន​ ក្រោម​ការ​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ Iván ​Duque ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​បំណង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​។​ ច្បាប់​នេះ​បាន​បង្កើត​មូល​និធិ​មួយ​ ដែល​ផ្តល់​ឥណទាន​ដល់​ទាហាន​ដែល​ស្វែង​រក​ការ​អប់រំ​ផ្សេង​ៗ ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ផ្សេង​ទៀត។

​លោក Molano ​បាន​និយាយ​ថា​ កម្ម​វិធី​នេះ ​បើ​ប្រៀប​ធៀប​នឹង​ប្រជាជន​កូឡុំប៊ី​ទូទៅ​ គឺ​គ្រប់​គ្រាន់​សម្រាប់​ទាហាន​ចូល​និវត្តន៍​ទាំង​អស់​។ ​យ៉ាង​ណា​មិញ​ អតីត​ទាហាន​ជា​ច្រើន​ នៅ​តែ​ទទូច​ថា​វា​មិន​គ្រប់​គ្រាន់​។​   

​​ប្រតិបត្តិការ​នៅ​ហៃទី​ និង​ការ​ពាក់ព័ន្ធ​​របស់​អតីត​ទាហាន​កូឡុំប៊ី​ បាន​កើត​ឡើង​ក្នុង​ពេល​ស្មុគ​ស្មាញ​ ពិសេស​​សម្រាប់​អតីត​យុទ្ធជន​កូឡុំប៊ី​។ ការ​គាំទ្រ​ជា​សាធារណៈ​ចំពោះ​យោធា​​ដែល​ធ្លាប់​តែ​ខ្ពស់​ត្រដែត​ បាន​ធ្លាក់​ចុះ​ ខណៈ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​រួម​ទាំង​ការ​ចោទ​ប្រកាន់​ ក្នុង​រឿង​អាស្រូវ​ដែល​ថា​មន្រ្តី​កូឡុំប៊ី​បញ្ជា​ឱ្យ​សម្លាប់​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ២០០០ ​។​ ​

ប្រភព​៖ Business Insider

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner