កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៖ កម្ពុជាគឺជាប្រទេសដាំដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងធំជាងគេទី១០ក្នុងពិភពលោក (មានវីដេអូ)
Video: https://fb.watch/7gEH-DX4ES/
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចាត់ទុកកម្ពុជា គឺជាប្រទេសដាំដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងធំជាងគេទី ១០ ក្នុងពិភពលោក ។ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី គឺជាគន្លឹះមួយសម្រាប់បង្កើនការងារ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយវាក៏ជាប្រភពចំណូលចម្បងមួយសម្រាប់កសិករផងដែរ ។
ក្នុងសេចក្តីប្រកាសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីពេលថ្មីនេះ លោក នីគ បឺរ៉េសហ្វ័ដ (Nick Beresford) អ្នកតំណាងនិវេសនដ្ឋាននៃ UNDP ប្រចាំកម្ពុជាបញ្ជាក់ថា ដំឡូងមីផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី ។ វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព ។ គោលនយោបាយជាតិស្តីពីដំឡូងមី ត្រូវបានរៀបចំឡើងដោយក្រុមការងារដំឡូងមីរបស់រដ្ឋាភិបាល និងបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០ ។ គោលនយោបាយជាតិដ៏មានសារៈសំខាន់នេះ នឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៥ មានគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែច្នៃពីដំឡូងមីពីកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនា គត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីច្បាមយកឱកាសទីផ្សារថ្មីៗ ។ គោលនយោបាយនេះ នឹងធ្វើឱ្យដំឡូងមីក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅកម្ពុជា និងជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ច សំដៅចូលរួមវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០៣០ និង ២០៥០ ។
ឯមឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ដំឡូងមី គឺជាដំណាំឧស្សាហកម្ម ដែលមានការដាំដុះបានរហូតដល់ទៅ ១២ លានតោនក្នុងមួយឆ្នាំៗ ហើយវាមានសក្តានុពលក្នុងការធ្វើឱ្យជីវភាពរស់នៅរបស់កសិករប្រសើរឡើង និងជាដំណាំនាំចេញ ។ ដោយផ្អែកលើចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីដំឡូងមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការរួមគ្នាជាមួយដៃគូផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យនេះ ស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ៕ ប្រភព៖ Swift News
![](https://asset.ams.com.kh/central/media/10-1024x683.jpeg)
![](https://asset.ams.com.kh/central/media/WhatsApp-Image-2020-05-25-at-5.04.46-AM-1024x576.jpeg)