ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត

ភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកនៅ ថ្ងៃទី៩ខែសីហា ថា “អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ”។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិយើងគួរ ៖
១.ស្គាល់ខ្លួនឯងឱ្យច្បាស់
អ្វីដែលយើងបានឆ្លងកាត់ ជាពិសេសភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិ ទាំងមូលយើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ – យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ។

២.ការនាំប្រទេសមួយដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទនៈ គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបានដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានសម្រេចការងារជាច្រើនតែអ្វីដែលការងារបន្តគឺនៅសេសសល់ច្រើនណាស់ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។

៣.រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ៖

  • ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ គ្រួសារមួយ ក្រុមហ៊ុនមួយ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយ និងដឹកនាំប្រទេស
    តើមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?
  • ដាច់ខាត មិនត្រូវយកស្ថិរភាព និងសន្តិភាពសង្គមមួយទៅសាកល្បងនឹងអ្វីដែលយើងមិនដឹងនិងអាចគ្រប់គ្រង ដោយខ្លួនឯងឡើយ
  • បើចង់ដឹកនាំក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តើត្រូវគិតកត្តាអ្វីខ្លះ និងយន្តការអ្វីខ្លះ ->សម្រាប់ខ្ញុំមានមុំបី (សម្រាប់មុំបីនេះខ្ញុំនឹងបកស្រាយពេលក្រោយផ្សេងទៀត)
  • ដូចពុកបានណែនាំ និងចែករំលែកបទពិសោធន៍ “ត្រូវមើលព្រៃទាំងមូល”។

ចំណុចនេះដូចយើងបានដឹងទាំងអស់គ្នាថាប្រទេសកម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទនប៉ុន្តែកម្ពុជាក៏ស្ថិត នៅក្នុងស្ថានភាពដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតតាមរយៈការវិនិយោគពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាជាតិមួយ នៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

សមត្ថភាពប្រកួតប្រជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេសបន្ថែមទៀតដើម្បីបង្កើតឱកាស ការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋានមួយដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ និងការផ្តល់លទ្ធភាពបន្ថែមដល់រាជរដ្ឋាភិបាល ក្នុងការបែងចែកផលទាំងឡាយដល់សង្គមជាតិមិនថាតាមរយៈការវិនិយោគសាធារណៈរបស់រដ្ឋ ឬគោលនយោបាយសង្គមកិច្ចឬអាចនិយាយបានថាជំនួយពីរដ្ឋដល់ប្រជាជនដែល ជួបការលំបាក និងងាយរងគ្រោះ។

ខាងលើនេះជាអ្វីដែលក្នុងនាមយុវជនយើងអាចយកទៅពិចារណា និងស្វែងរកចម្លើយទាំងការយល់ដឹងទាំងផ្នត់គំនិត និងការពិចារណាទៅលើថា តើធ្វើដូចម្តេច និងធ្វើជាមួយអ្វី ទើបសម្រេចបានគោលដៅទាំងនេះ ដោយចងចាំថា អ្វីៗមិនអាចជបចេញនោះទេ មិនមែនគ្រាន់តែគិតស្រមៃ ឬគ្រាន់តែនិយាយនឹងបានផលនោះទេ ព្រោះអនាគតប្រទេស និងប្រជាជនសំខាន់ណាស់ ដោយមិនអាចឱ្យគិតជាលក្ខណៈសាមញ្ញ ហើយមិនបានគិតគូរឱ្យច្បាស់លាស់ លម្អិតនោះទេ ទាំងទ្រឹស្តី យុទ្ធសាស្រ្ត យុទ្ធវិធី។ ខ្ញុំក៏ដឹងថាមានអ្នកខ្លះទាំងខ្មែរទាំងបរទេសលើកឡើងគំនិតមួយចំនួន ដែលទំនងហើយមានលក្ខណៈសាមញ្ញ តែគួរសួរថាតើគំនិតនេះអនុវត្តនៅក្នុងប្រទេសគេជាកញ្ចប់ ជាផ្នែក ឬគ្រាន់តែនិយាយថាបានអនុវត្តតែមិនមានសកម្មភាពជាក់លាក់នោះទេ។

បើដឹកនាំងាយស្រួលគ្រប់គ្នានៅក្នុងប្រទេសនីមួយៗរៀងៗខ្លួននឹងនៅដឹកនាំហើយមិនមែនមកផ្តល់យោបល់នៅ ក្រៅប្រទេស ហើយបើការដឹកនាំប្រទេសស្រួលគ្រប់ប្រទេសនៅលើលោកនឹងមានតែប្រទេសអភិវឌ្ឍន៍ និងមិនមាន ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។

ជារួមការងារដែលត្រូវធ្វើមានច្រើនណាស់ហើយក៏មិនមានផ្លូវកាត់’short cut’នោះទេ ហើយការលះបង់គឺពិតជាត្រូវមាន បើយើងចង់ឃើញកម្ពុជាដែលរឹតតែប្រសើរ ពោរពេញដោយ សុខសន្តិភាព ស្តិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនយើង។

តើចូលរួមយ៉ាងណា?
•រៀនសូត្រហ្វឹកហាត់សមត្ថភាពខ្លួនបន្ថែមជាប្រចាំ ដោយស្វែងយល់ឲ្យច្បាស់ពីចារឹកសង្គម នយោបាយខ្មែរ
•ចូលរួមថែរក្សាដើមឈើ និងផ្លែដែលយុវជនជំនាន់មុនបានដាំហើយដែលបានផលថ្ងៃនេះដោយឆ្លងកាត់ការលំបាករាប់មិនអស់
•ចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើដែលថ្នាក់ដឹកនាំបានដាំដើម្បីទទួលផលបន្តនាពេលអនាគត
•ចូលរួមគិតថា ដើមអ្វីត្រូវដាំបន្តដើម្បីកម្ពុជាមានសមត្ថភាពរឹតតែរឹងមាំ ទោះព្យុះដែលចេញពីក្នុង ឬក្រៅប្រទេសគឺមិនប៉ះពាល់ដល់សង្គមជាតិរបស់យើង៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner