កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ហើយ
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ឯក ឯក សំអូន នៅព្រឹកថ្ងៃទី៩សីហាឆ្នាំ២០២១ បានចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទីបញ្ជាការយោធភូមិភាគទី៥ និងទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ដែលបានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នោះផងដែរ។
ក្នុងឱការនោះ លោកមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
លោកបានបន្តថា ទោះបីជាទទួលបានការចាក់វ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ យោធិន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។