កំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ី និងប្រព័ន្ធលូដែលខូចខាតដោយការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានជួសជុលសងរដ្ឋបាលរាជធានីវិញហើយ
ភ្នំពេញ៖ កំណាត់ផ្លូវ និងប្រព័ន្ធលូដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ត្រូវបាន ក្រុមហ៊ុនធ្វើការជួសជុលសងរដ្ឋបាលរាជធានីវិញហើយ ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីបានអោយដឹងនៅព្រឹកថ្ងៃទី៩សីហានេះ កាលពីសប្ដាហ៌មុន និងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនប៊ូយ៉ុងបានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវប្រវែងជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធលូថ្មីនៅកំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ីនៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន សងមករដ្ឋបាលរាជធានីវិញ ក្រោយពីបានធ្វើអោយខូចនិងបែកបាក់កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ពេលនេះ សកម្មភាពនៃការជួសជុលផ្លូវនិងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ហើយ។ ក្រុមហ៊ុនប៊ូយ៉ុង ជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។
មន្ត្រីដដែលបានបញ្ជាក់ថា ៖កាលពីខែមករាឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យក្រុមហ៊ុនប៊ូយ៉ុងធ្វើការជួសជុលផ្លូវដែលខូចនិងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះតែ ក្រុមហ៊ុន បានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់និងដឹកថ្មមកចតលើទ្រូវថ្នល់លើគម្របលូបណ្ដាលឱ្យបែកបាក់បែក ខូចខាតផ្លូវសហព័ន្ធរុស្ស៊ីនៅខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រនិងទទឹងជាង៤ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើការជួសជុលសងវិញតាមការសន្យាហើយ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧សីហា២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចុះទៅពិនិត្យដីបាក់ស្រុតនៅមុខក្រុម
ហ៊ុនប៊ូយ៉ុង ខណៈក្រុមហ៊ុនជីកយកអាចម៌ដី ជ្រៅទៅខាងក្រោមដើម្បីធ្វើចំណត បានបណ្តាលអោយដីស្រុតនិងបាក់ជិតមកដល់ផ្លូវសហព័ន្ធរ៉ុស្សី ហើយនៅពេលចុះពិនិត្យនោះ លោកឃួង ស្រេង បានបញ្ជាអោយក្រុមហ៊ុនប៊ូយ៉ុង ចាត់វិធានការជាបន្ទាន់ ក្នុងការបុកស៊ីផាយឬរបាំងដែកដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យបាក់ដីបន្តទៀត ។ បើមិនដូច្នេះវានឹងឈានដល់បាក់ដីផ្តាច់មហាវិថីសហព័ន្ធរុស្សីដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីព្រោះជាផ្លូវអន្តរជាតិយ៉ាងសំខាន់តភ្លាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកណ្ដាលរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនបានធ្វើការជួសជុលសងវិញតាមការសន្យាហើយ៕