សម្ដេចក្រឡាហោម៖ពលករនាំគ្នាធ្វើដំណើរពីថៃត្រឡប់មកកម្ពុជាបន្តបន្ទាប់ បានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការដោះស្រាយ

ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃហើយ ប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់នោះនឹងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមវីដេអូសន្និសីទ(Zoom)។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅអ្នកចូលរួមថា កិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មីដែលខេត្តបាត់ដំបងក៏ស្ថិត ក្នុងតំបន់ងាយឆ្លងជំងឺនេះ។ ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយដោយឡែកក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានាប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារ និងស្មារតី។

ចំណែកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេងព្រម ទាំងអង្គប្រជុំអំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបងដែលរួមមានទាំងវឌ្ឍនភាព ការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ងួន រតនៈ ក៏បានលើកសំណូមពរជូនឯកឧត្តម លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយមូលដ្ឋានក្រុង ស្រុក ទាំងអស់ក្នុងខេត្តបាត់ដំបង បន្តជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner