អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូសដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៩ខែសីហានេះ បានស្រង់សម្តីលោក ផាទ្រីក មូផៃ(Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបញ្ជាក់ ថា “ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ណាស់មិនត្រឹមតែដើម្បីការពារ សុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ”។

ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួន ជាង១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០លាននាក់ ដោយមានជាសម្ភារលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យុសារតាមទូរស័ព្ទ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច ពីមេរោគរាតត្បាតនេះ។

សេចក្តីប្រកាសបានបន្តថា ការខិតខំទាំងនេះ គឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាពជាសាកល។ តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧លាន ដុល្លារជាជំនួយសម្រាប់ ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព របស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខា ភិបាលរបស់ខ្លួន។

ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។ តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជាដើម្បីកម្ចាត់រោគរាត្បាតកូវីដ-១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ផ្នែកសង្គម និង សេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺទៅអនាគត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner