លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅឧត្តរមានជ័យ (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ ចុះ ពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលក្នុងក្រុងសំរោង និងបន្តចុះពិនិត្យ មើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីប្រទេសថៃ។

ដំណើរចុះ ពិនិត្យក្នុងខេត្តឧត្តរមានជ័យនេះ បានធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវចំណាត់ការជួយ រៀបចំកន្លែងទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងក្លា ជាពិសេសវីរុសបំប្លែង ថ្មី Delta ។ ដំណើរចុះពិនិត្យនៅខេត្តភាគឧត្តរប្រទេស បានអញ្ជើញចូលរួមផង ដែរពីអភិ បាលខេត្តបន្ទាយមានជ័យលោក ប៉ែន កុសល្យ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ដល់អាជ្ញាធរខេត្តឧត្តរមានជ័យ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលបាន វិលត្រឡប់មកពីប្រទេសថៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បាន រកឃើញជំងឺកូវីដ១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់, ករណី ឆ្លងក្នុងសហគមន៍ចំនួនជិត ១ពាន់នាក់ និងខេត្តឧត្តរមានជ័យមានករណីស្លាប់ដោយកូវីដ១៩ចំនួន ៩នាក់ ផង ដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner