កិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ នៅថ្ងៃទី១០ ខែសីហានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន លោកអគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម លោកអគ្គនាយករងគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសហការីសរុបចំនួន១៥នាក់។
បន្ទាប់ពីពិនិត្យពិភាក្សារួច អង្គប្រជុំបានធ្វើការកត់សម្គាល់លើចំណុចមួយចំនួនដូចខាងក្រោម៖
១-ការរៀបចំអនុក្រឹត្យបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ គឺមានការឯកភាពពីក្រសួងមហាផ្ទៃ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ តែបានតម្រូវឱ្យមានការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ។ តែកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញតែក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យខាងលើតែប៉ុណ្ណោះ។
២-ការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ គឺមិនមានភាពផ្ទុយនឹងខ្លឹមសារនៃអនុក្រឹត្យ១១៣ ទេ ដោយក្នុងខ្លឹមសារនៃអនុក្រឹត្យបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចស្នើសុំបង្កើតអង្គភាព ឬការិយាល័យ ឱ្យទទួលការងារគ្រប់គ្រង និងចាត់ចែងសេវាសម្អាតប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងរបស់រាជធានីភ្នំពេញ ដែលកន្លងមក គឺមានត្រឹមជារដ្ឋាករស្វយ័តគ្រប់គ្រងសំរាម សំណល់រឹង។
៣-ចំពោះសមាសភាពក្រុមប្រឹក្សាភិបាលរបស់សហគ្រាសនេះ ដើមឡើយក្នុងសេចក្តីព្រាងទី១ គឺមាន ៩ រូប ក្នុងនោះមានតំណាងពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ១រូបផងដែរ។ តែដោយពិនិត្យឃើញសមាសភាពមានចំនួនច្រើន រដ្ឋបាលរាជធានីភ្នំពេញបានដកចេញនូវតំណាងមន្ទីរបរិស្ថាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញ មកសល់ត្រឹមតែ៧រូប ដែលក្នុងចំណោមនោះ គឺមានអភិបាលរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលរងរាជធានីភ្នំពេញ ២រូបជាសមាជិក។
យោងទៅលើលក្ខខណ្ឌនៃចំនួនសមាជិកមិនឱ្យលើសពី៧រូប និងផ្អែកលើតួនាទីស្នូលរបស់ក្រសួងបរិស្ថានក្នុងការដឹកនាំគោលនយោបាយ ក៏ដូចជាការងារបច្ចេកទេសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អង្គប្រជុំបានឯកភាព គួរស្នើឱ្យមានតំណាង១រូប ពីក្រសួងបរិស្ថាន ជាសមាជិកនៃក្រុមប្រឹក្សាភិបាល ដោយសុំកាត់បន្ថយតំណាងអភិបាលរងរាជធានីភ្នំពេញ មកត្រឹមតែចំនួន១រូប ជាសមាជិក។
៤-អង្គប្រជុំក៏បានពិនិត្យ កែសម្រួលលើខ្លឹមសារ និងពាក្យពេជន៍ចំនួនដែលប្រើក្នុងអនុក្រឹត្យនេះ ឱ្យមានសង្គតភាពជាមួយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ៕ ដោយ / គ្រី សម្បត្តិ