លោក ចូ បៃដិន ៖ កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងអះអាងថា កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង ខណៈដែលទីក្រុងជាច្រើនបានធ្លាក់ទៅក្នុងកណ្តប់ដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា យើងបានចំណាយថវិកាជាង១ទ្រីលានដុល្លារក្នុងរយៈពេល២០ឆ្នាំ… យើងបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ទំនើបៗដល់កងកម្លាំងអាហ្វហ្គានីស្ថានជាង ៣០ ម៉ឺននាក់ ហើយមេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា… ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង… ប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងបន្តផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដូចជា ម្ហូបអាហារ សម្ភារៈ ប្រាក់ខែ និងធ្វើឲ្យប្រាកដថា កងទ័ពអាកាសអាហ្វហ្គានីស្ថានអាចដំណើរការបានគ្រប់យ៉ាង លោកថា អាមេរិកនឹងបន្តរក្សាការប្តេជ្ញារបស់ខ្លួនដោយមិនសោកស្តាយ ចំពោះការសម្រេចចិត្តក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។
លោក បៃដិន បានបញ្ជាឲ្យយោធាអាមេរិកបញ្ចប់បេសកកម្មនៅអាហ្វហ្កានីស្ថាននៅចុងខែនេះ ហើយមកទល់ពេលនេះ ជាង៩៥ភាគរយនៃការដកទ័ពត្រូវបានបញ្ចប់ ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាស់ ហ្គានី បានស្តីបន្ទោសការដកកងទ័ពអាមេរិក ចំពោះស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភា ៕ ប្រភព៖ ស៊ីនហួរ