កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ៤៤ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ៤០០នាក់ហើយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៤៤ករណី នៅថ្ងៃទី១០សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីទាំង៤៤នាក់នោះ មានម្នាក់ជាអ្នកដំណើរមកពីបរទេសតាមជើងយន្តហោះ, ពលករខ្មែរត្រឡប់មកពីប្រទេសវៀតណាមតាមចក្របាវិតខេត្តស្វាយរៀងចំនួន១២នាក់, បុគ្គលិកសុខាភិបាលម្នាក់, មន្ត្រីរាជការម្នាក់, សិស្ស៥នាក់, និងប្រជាពលរដ្ឋអ្នកភូមិក្នុងសហគមន៍ចំនួន២៤នាក់។

អ្នកឆ្លងទាំងនោះ មាន៣នាក់នៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ៤នាក់, ខេត្តសៀមរាប៤នាក់, ខេត្តព្រះវិហារ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តឧត្តរមានជ័យ១៤នាក់, ខេត្តបន្ទាយមានជ័យម្នាក់, កំពង់ធំម្នាក់, និងខេត្តស្វាយរៀង៥នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុន ហេង បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប៤២៩នាក់ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner