អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការរៀបចំលក់ដូរផ្សារបន្លែត្រីសាច់ រក្សាគម្លាតសុវត្ថិភាពនិង អនាម័យ នៅបរិវេណជុំវិញផ្សារ “បុរីត្នោតជួរ” ក្នុងស្រុកសង្កែ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជំរុញនិងបានធ្វើការណែនាំដល់បងប្អូនជាអ្នកលក់ដូរបន្លែ ផ្លែឈើត្រីសាច់ នៅតាមដងផ្លូវបេតុង ក្នុងបរិវេណជុំវិញផ្សារ “បុរីត្នោតជួរ” ដែលស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងឲ្យលក់ដូរត្រូវមានអនាម័យ និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ចៀសវាងមានមនុស្សកកកុញកុះករនាំគ្នាបញ្ជ្រៀតចូលទិញ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ដោយអនុវត្តឲ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ នូវ ប្រការសំខាន់ៗ ៣.ការពារ និង៣កុំ ឲ្យបានដាច់ខាតជាប្រចាំ ទាំងអ្នកលក់និងអ្នកទិញ ក៏ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាផងដែរ ទើបការផ្តាច៎ពីការឆ្លងរាតត្បាតពីមេរោគកូវីដ-19 ចូលទៅក្នុងសហគមន៍។
ការថ្លែងដាស់តឿនដល់បងប្អូនជាអាជីវករអ្នកលក់ដូរបន្លែត្រីសាច់ ទាំងនោះបែបនេះ គឺបន្ទាប់ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះទៅពិនិត្យមើលពីស្ថានភាពការរៀបចំឲ្យលក់ដូរនូវផ្សារបន្លែត្រីសាច់ក្នុងការផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើរបស់ស្រុកសង្កែ នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២១។ខណៈដែលផ្សារចំនួន៤៩ផ្សារ ក្នុងទីប្រជុំជននៃស្រុក-ក្រុងមួយចំនួនត្រូវបានធ្វើការបិទខ្ទប់មិនឲ្យលក់ដូរទាំងស្រុង ដើម្បីទប់ស្កាត់ពីការប្រឈម នៃការឆ្លងរាលដាលពីជម្ងឺកូវីដ-19 រយៈពេល១៤ថ្ងៃ កន្លងមកនេះ។ ក្នុងការចុះពិនិត្យមើលការលក់ដូរបន្លែត្រីសាច់នៅទីនោះ ក្នុងនោះក៏មានវត្តមានឯកឧត្តមជាអភិបាលរងខេត្ត ជាទីប្រឹក្សា សម្តេចក្រឡាហោម ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងជាពិសេសលោកឧកញ៉ាម្ចាស់ “ផ្សារបុរីត្នោតជួរ” ផ្ទាល់ និងលោក សុខ ហឿន អភិបាលស្រុកសង្កែ ព្រមទាំងមន្ត្រីសំខាន់ៗ ក្នុងស្រុកមួយចំនួន ផងដែរ។
តាមការគូសបញ្ជាក់ពីលោក សុខ ហឿន អភិបាលស្រុកសង្កែ បានឲ្យដឹងថា៖ម្ចាស់ផ្សារបុរីត្នោតជួរ ក្នុងឃុំអន្លង់វិលនេះ បានអនុញ្ញាតឲ្យអ្នកស្រុកអ្នកភូមិនៅក្បែរខាងក្នុងមូលដ្ឋានរបស់ខ្លួនចូលមកលក់ដូរ កាលពីចុងសប្តាហ៍ទី០១ ខែសិហាឆ្នាំ២០២១ថ្មីៗនេះ តាមរយៈការស្នើសុំនិងការសម្របសម្រួលជាមួយនិងអាជ្ញាធរមូលដ្ឋានផ្ទាល់ និងរដ្ឋបាលស្រុកសង្កែហើយបងប្អូនដែលបានមកលក់នៅទីនេះ គឺ៖ ប្រមាណជា ២០០នាក់ ដែលភាគច្រើនពួកគាត់មកលក់បន្លែត្រីសាច់ និងផ្លែឈើរបស់អ្នកភូមិនៅតាមចម្ការក្បែរៗផ្សារ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ រស់នៅជុំវិញក្បែរខាងនេះ។ហើយក្នុងនោះ ក៏មានបងប្អូនអាជីវករតិចតួចដែលបានទៅពីផ្សារស្រុកសង្កែមួយចំនួន មកលក់ទីនេះផងដែរ។
ក្នុងការចុះពិនិត្យមើលពីស្ថានភាពក្នុងការរៀបចំនូវរបៀបរៀបរយនូវសណ្តាប់ធ្នាប់ ក្នុងការរក្សាបានពីគម្លាត របស់ អ្នកលក់ដូរ ការរៀបចំឲ្យអ្នកលក់ត្រូវគិតពីអនាម័យក្នុងការលក់ដូរ របស់លោកឧកញ៉ា ដែលជាម្ចាស់ផ្សារនៅទីនោះ ដោយបានចែកដបបាញ់អាល់កុលដល់អ្នកលក់ ដើម្បីដាក់មុខរានឬតូបលក់ដូររបស់ខ្លួនសម្រាប់អតិថិជនចូលទិញការណែនាំឲ្យអ្នកលក់ និងអ្នកទិញ ត្រូវពាក់ម៉ាស់ជាដាច់ខាត និងត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានជាប់ជាប្រចាំ ៣ ការពារ និង ៣កុំ ឲ្យបានម៉ត់ចត់បុងម៉ឹងម៉ាត់បំផុត។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបន្តលើកទឹកចិត្តនិងជម្រុញដល់ម្វាស់ផ្សារ អាជ្ញាធរមូលដ្ឋាននិងបងប្អូនអ្នកលក់ដូរនៅទីនេះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមកទិញនៅផ្សារទីនេះ ត្រូវបន្តអនុវត្តឲ្យបាន ក្នុងការរក្សាគម្លាតសុវត្ថិភាពសង្គម ទាំងការលក់ដូរ ទាំងអ្នកមកទិញ ត្រូវរក្សាអនាម័យនិងប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តនូវវិធាន៣.ការពារ និង ៣.កុំ ឲ្យបានគ្រប់ៗគ្នាទើបយើងកាត់ផ្តាច់ពីការឆ្លងរាតត្បាតពីជំងឺកូវីដបំប្លែងថ្មីប្រភេទDelta.មិនឲ្យវាឆ្លងចូលសហគមន៍យើងបាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )