ក្រសួងប្រៃសណីយ៍ ចាប់វិធានការលើក្រុមហ៊ុនទូរសព្ទចល័តចំនួន២ ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចេញផ្សាយនៅថ្ងៃទី១១សីហាបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងបានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុនវៀតធេល(ខេមបូឌា) និងក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់ និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
បសួងបានបន្តថា សកម្មភាពនោះ បានបង្ហាញឲ្យឃើញពីការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួង និងសេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។ ក្រសួងប្រៃសណីយ៍ បានបន្តថា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងចាត់វិធានាករលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវលការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ រាមគ្រប់រូបភាព ឬមម្យោបាយ ចាប់ពីថ្ងៃជូនដំណឹងតទៅ។
ជាមួយគ្នានោះ ក្រសួងបានព្រមានថា ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុន ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។
ក្រសួងប្រៃសណីយ៍ បានព្រមានទៀតថា ប្រសិនបើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើនោះទេស ក្រសួងនឹង ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្ដល់សេវាទូរសព្ទចល័ត, បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ, ចាត់វិធានការផ្សេងៗស្របតាមមាត្រា២៨នៃច្បាប់ស្ដីពីទូរគមនាគមន៍ និងរាល់បុគ្គលពាក់ពន្ធ័នឹងករណីខាងលើនោះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។ សូមជម្រាបថា កន្លងមក ការប្រើស៊ីមកាតគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ បាននាំឲ្យជនខិលខូចអាចប្រើប្រាស់ប្រពន្ធ័ទូរសព្ទ័ដើម្បីបោកប្រាស់, ចាប់ជំរិត និងអំពើទុច្ចរិតមួយចំនួនផងដែរ។