កងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ទទួលបានការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។
ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner