លោកអភិបាលបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដីព្រៃលិចទឹកក្នុងស្រុកបរិបូណ៌ ដែលរងការបំផ្លាញពីជនខិលខូចដើម្បីត្រៀមដាំកូនឈើឡើងវិញ

កំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរស្រុកបរិបូណ៌ចុះពិនិត្យមើលទីតាំងតំបន់ដីព្រៃលិចទឹកនៅចំណុចត្រពាំងត្រស់ ស្ថិតនៅក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដើម្បីត្រៀមដាំកូនឈើឡើងវិញបន្ទាប់ពីបានរងការបំផ្លាញពីជនខិលខូចកន្លងមក ។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចូលរួមក្នុងការងារនេះបានបញ្ជាក់ឲ្យដឹងថា តំបន់ដីព្រៃលិចទឹកត្រពាំងត្រស់នេះ ត្រូវបានជនខិលខូចលួចឈូសឆាយបំផ្លាញអស់ប្រមាណ ២៥ហិកតាក្នុងពេលថ្មីៗនេះ ។ ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបានចុះមកស្រាវជ្រាវរកឃើញជនសង្ស័យចំនួន ៤នាក់ជាអ្នកឈូសឆាយបំផ្លាញយកជាកម្មសិទ្ធិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី ។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដើម្បីកុំឲ្យជនខិលខូចចូលកាន់កាប់ដីដែលបានឈូសឆាយខាងលើនេះ មន្ត្រីជំនាញត្រូវរកកូនឈើព្រៃលិចទឹកមកដាំដុះក្នុងតំបន់នេះឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរួមគ្នាបង្កើននិងរក្សាការពារដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនឲ្យបានគង់វង្ស ។

ទាក់ទងនឹងករណីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា តាមរបាយការណ៍របស់ជំនាញ ចាប់តាំងពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបទល្មើសឈូសឆាយដីព្រៃលិចទឹកជាង ៨០ករណីហើយនៅក្នុងខេត្តកំពង់ឆ្នាំងបញ្ជូនទៅតុលាការ ។ នៅក្នុងសំណុំរឿងនេះដែរសមត្ថកិច្ចបានចាប់ឃាត់ទុកត្រាក់ទ័របទល្មើស ចំនួន ២៧គ្រឿង ។ ប៉ុន្តែមកដល់ ពេលនេះ គេមិនទាន់ឃើញមានការផ្តន្ទាទោសជនសង្ស័យណាម្នាក់នោះឡើយ ចំណែកត្រាក់ទ័រចំនួន២៦គ្រឿង ក៏ត្រូវបានដោះលែងទៅវិញយ៉ាងរលូនផងដែរ ។

លោក ងិន ហ៊ុន បានបញ្ជាក់ទៀតថាករណីនេះគឺជា ឆន្ទានុសិទ្ធិរបស់តុលាការការដែលសមត្ថកិច្ច យើងមិនអាចលូកលាន់បាននោះឡើយ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner