អគ្គមេបញ្ជាការ៖ការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព និងគ្រួសារ ដំណើរការបានល្អ និងលឿន

ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានមានប្រសាសន៍ប្រាប់ AMS ថាដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដែលចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា រហូតមក ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ គឺដំណើរការនៃការចាក់បានល្អ និងលឿន ដោយមិនមានបញ្ហាអ្វីកើតឡើង ទេ។ ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួនជាងមួយសែននាក់ហើយ។ នៅពេលខ្លីខាងមុខនេះ គឺនឹងបញ្ចប់ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព។ កងទ័ពសូមអរគុណ ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍បន្តថា ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់កងទ័ពជួរមុខ មានសារៈសំខាន់ ពីព្រោះកម្លាំងរបស់យើង។ គឺជាកម្លាំង ស្រួច មួយរបស់រាជរដ្ឋាភិបាល ហើយក៏ជាកម្លាំង ចុងក្រោយមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវប្រើ។ យើងត្រូវធ្វើការងារចំពោះមុខនេះ គឺកងទ័ពរបស់យើងបាន ចូលរួមការងារយ៉ាងសកម្មជាមួយនិងរាជរដ្ឋាភិបាល។ តាំង ពីការខិតខំបិទខ្ទប់ នៅក្នុងការហូរចូលជំងឺកូវីដ-១៩ រួមចំណែក នៅក្នុងការស្រាវជ្រាវ និងកិច្ចការងារការពារកន្លែងតំបន់មួយចំនួនដែលបិទខ្ទប់ ហើយក៏ដូចជារួមចំណែកក្នុងកិច្ចការងារព្យាបាល និងចូលរួមចំណែកក្នុងកិច្ចការងារចាក់វ៉ាក់សាំងនិងការដឹកស្បៀងរបស់រាជរដ្ឋាភិបាល និងសប្បុរសជនយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ដែលមានការខ្វះខាត។ ហេតុនេះយើង ត្រូវខិតខំថែរក្សាការពារសុខុមាលភាពរបស់កងកម្លាំងរបស់យើងឲ្យបាន។ ពេលកាលណាចាំបាច់ត្រៀមបម្រើឲ្យបានហើយ បើយើងអត់ការពារ អត់ថែទាំនៅពេល ឈឺថ្កាត់ កើតឡើង សម្តេចនាយករដ្ឋមន្ត្រីបញ្ជាមក ក៏យើងមិនអាចប្រើប្រាស់កម្លាំងរបស់យើងបានដែរ។

អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានបញ្ជាក់ថា “រាល់ថ្ងៃនេះខិតខំការ ថែទាំ ព្យាបាល និងការតាមដានជាប់ទៅលើសុខុមាលភាពរបស់បងប្អូន ដើម្បីជាកម្លាំងមួយមុតស្រួច ក្នុងករណីចាំបាច់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល ឬមួយរដ្ឋមន្ត្រី ការពារជាតិលោកបានបញ្ជាមក គឺអាចនឹងធ្វើបានទាន់ពេល វេលានៅក្នុងកិច្ចការងារនឹង”។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៩ខែសីហាកន្លងទៅថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា តទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។

សម្តេចពិជ័យសេនាមានប្រសាសន៍ថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថា មានហានិភ័យ គឺយើងបានជំរុញដូសទី៣ ។ នេះជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លងបានមួយកម្រិតទៀត។ សំខាន់បំផុតបើមានការឆ្លងក៏វាមិនធ្ងន់ធ្ងរ។ នេះគឺជាការចាំបាច់ណាស់។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ នេះគឺកាន់តែមានភាពកក់ក្តៅ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner