ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ ចុះជួយសម្រួលដល់ក្រុមកម្មករ អាជីវករ ដែលទាមទារត្រឡប់មកវិញ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហានេះថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ បានចុះទៅសម្រួលដល់ក្រុមកម្មករ អាជីវករ នៅផ្សារុងក្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀត មកពីក្រុងបាងកក ក៏ដូចជាបណ្តាខេត្តផ្សេងៗ ត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថានអគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញនេះ។
ចំពោះករណីនេះ លោកអគ្គកុងស៊ុលកម្ពុជា បានជួបនិងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកបងប្អូនកម្មករ និងពលករខាងលើមានចំនួន៥៨៨នាក់ (ស្រី១៥០នាក់) និងអ្នកមកពីបណ្តារខេត្តនានា ចំនួន២៦នាក់ (ស្រី១៥នាក់) សរុប ៦១៤នាក់ នាំពួកគាត់ចេញតាមច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីសក្ក័បន្ត៕
ដោយៈពលជ័យ