ស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង បុកពីក្រោយគូថរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រឡប់មកពីផ្សារមិនដឹងយ៉ាងម៉េច ក៏ជ្រុលទៅបុកពីគូថរថយន្តដែលកំពុងឈប់ចតទុកនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីអូសុីអាយសុី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តម៉ាក CRV មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាកហុងដាស្កុបពីរ អ្នកបើកបរមានឈ្មោះ ស្រីមុំ អាយុ ៣៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក CRV មួយគ្រឿង ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-5603 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តអែបចិញ្ចើមផ្លូវ ដើម្បីនិយាយទូរស័ព្ទ ខណៈពេលកំពុងតែនិយាយទូរស័ព្ទ ក៏ស្រាប់តែមានស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាស្កុបពីរមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-0595 ត្រឡប់មកពីផ្សារធ្វើដំណើរស្របទិសគ្នា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនជ្រុលបុកគូថរថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយករថយន្តផ្ទាល់ខ្លួនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍ជ្រោយចង្វារ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចង្វារ ឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូជនរងគ្រោះ និងអ្នកបើកបររថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner