ឯកឧត្តម ស សុខា ដឹកនាំយុវជន រួមទាំងកងកម្លាំងប្រដាប់អាវុធ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ដំណក់ឈាម នៃក្តីស្រលាញ់ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់
ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត មានខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំយុវជន កីឡាករក្លឹបបាល់ទះ បាល់ទាត់វិសាខា រួមទាំងកងកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំ យុទ្ធនាការបរិច្ចាគឈាម ១៣ កុម្ភ: ឆ្នាំ២០២០ ក្រោមប្រធានបទ “ ដំណក់ឈាម នៃក្តីស្រលាញ់” នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងន័យដើម្បីរួមចំណែកក្នុងការជួយ សង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ ស្ត្រីសំរាលកូន និងជន ងាយរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ស សុខា បានថ្លែងថា តម្រូវការឈាមនៅប្រទេស កម្ពុជាយើង នៅមានតម្រូវការខ្ពស់ ប៉ុន្តែការយល់ដឹងនៃការស្ម័គ្រចិត្តផ្ដល់ឈាមនេះ នៅ មានកម្រិតទាបនៅឡើយ ដូច្នេះ ឯកឧត្តម ស សុខា សូមអំពានាវដល់បងប្អូនប្រជា ពលរដ្ឋ ជាពិសេស យុវជន ចូលរួមក្នុងការស្ម័គ្រចិត្តផ្ដល់ឈាម ហើយការផ្ដល់ឈាមនេះ សម្រាប់មនុស្សប្រុស គឺយើងអាចផ្ដល់បាន ៤ដងក្នុង១ឆ្នាំ ហើយចំពោះនារី គឺអាចផ្ដល់បាន ៣ដងក្នុង១ឆ្នាំ ។
ឯកឧត្តម ស សុខា បានបន្តថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបំផុសបំផុលទៅដល់ ប្រជាពលរដ្ឋ ជាពិសេស យុវជន ឲ្យបានយល់ជ្រួតជ្រាបអំពីការផ្ដល់ឈាមនេះ ព្រោះការ ផ្ដល់ឈាមនេះ មិនប៉ះពាល់ដល់សុខភាពនោះទេ គឺវាបានជួយសម្អាតឈាមនៅក្នុងខ្លួន យើងទៅវិញទេ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសម្ដែងការសប្បាយ ចិត្តចំពោះកាដូ ដ៏សំខាន់សម្រាប់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលក្នុងថ្ងៃនេះ យើង ទទួលបាននូវឈាមប្រមាណជា ២០០កំប្លោក ដែលមានតម្លៃថ្លៃថ្លាស្មើនឹងជីវិត សម្រាប់ ជួយប្រជាពលរដ្ឋដែលជាជនរងគ្រោះ ហើយ ត្រូវការឈាមជាចាំបាច់ ។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបញ្ជាក់ថា នៅក្នុងពិភពលោកយើងនេះ មិនមានរោង ចក្រផលិតឈាមទេ គឺមានតែយកចេញពីមនុស្សនេះឯង ។ ដោយឡែក អ្នកដែលបានចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើក ឡើងដូចៗគ្នាថា ពួកគេមានការសប្បាយចិត្ត ដែលធ្វើការងារមនុស្សធម៌ ជួយដល់សង្គម ជាពិសេស គឺជាការរួមចំណែកក្នុងការជួយដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ។
សូមបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ បានឲ្យដឹងថា ការបរិច្ចាគឈាម គឺជាអំពើ សប្បុរសធម៌មួយ និង មានសារៈសំខាន់ណាស់សម្រាប់ជនរងគ្រោះនៅតាមមន្ទីរពេទ្យ នានា ដែលត្រូវការឈាមជាចាំ បាច់ តែវាក៏អាចមានអត្ថប្រយោជន៍ ចំពោះសុខភាពអ្នក ផ្តល់ឈាមផងដែរ ។ ការផ្តល់ឈាម បានជួយ កាត់បន្ថយអត្រាគ្រោះថ្នាក់ នៃជំងឺគាំង បេះដូង និងមហារីកនានា បាន ហើយការផ្ដល់ឈាម១ប្លោក អាចជួយដុតកម្តៅជាតិកាឡូរីបានចំនួន ៦៥០ ។ ទោះជាយ៉ាងណា មានតែអ្នកបរិច្ចាគឈាមជាប្រចាំ និងមានមូលដ្ឋានច្បាស់លាស់ទេ ទើបទទួលបាន អត្ថប្រយោជន៍ល្អប្រសើរជាងក្រុមមនុស្ស ដែលមិនបានបរិច្ចាគឈាម ឬបរិច្ចាគម្តងម្កាល ៕