កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”
គណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វត្តមាន និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គាំទ្រ និងផ្តល់កិច្ចសហការពីសមាជិក សមាជិកា ក្នុងនាមសមាជិកនៃគ្រួសារគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ ព្រមទាំងអង្គការ Grow Asia ដែលបានសហការ និងជួយគាំទ្រក្នុងការរៀបចំដំណើរការនៃកិច្ចប្រជុំនេះ ។
ដូចឆ្នាំមុនៗដែរ គណ:កម្មាធិការបានរៀបចំកិច្ចប្រជុំនេះគឺក្នុងបំណង ដើម្បីពិភាក្សារួមគ្នារវាងសមាជិក សមាជិកា នៃគណៈកម្មាធិការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្មទាំងអស់ដើម្បីត្រួតពិនិត្យ វាយតម្លៃ ស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ កន្លងមក និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ។
តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែលមានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១៦៤១លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។
ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។ គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និងស្ករត្នោត០២កិច្ចសន្យា។
ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុងពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដោយឡែកបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូមបញ្ជាក់ថា អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕