ដោយសារតែជីវភាពក្រលំបាក ធ្វើឱ្យបុរសចំណាស់ម្នាក់គិតច្រើនរហូតសរសៃប្រសាទសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងដោយចង«ក»

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ព្រោះតែជីវភាពរស់នៅប្រចាំថ្ងៃក្រលំបាក ធ្វើឱ្យបុរសម្នាក់មានវ័យ៦៤ឆ្នាំ គិតច្រើនរហូតកើតសរសៃប្រសាទ សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់់ជីវិតខ្លួនឯង ដោយចង«ក» និងកន្សែង ភ្ជាប់ធ្នឹមក្រោមផ្ទះអ្នកដទៃ ដែលម្ចាស់ផ្ទះមិនបាននៅ ។

ករណីអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង ០៩.០០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រោមផ្ទះ របស់ឈ្មោះលី ធារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរ ប៉េអ៊ឹម ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ ព្រមទាំងកម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅក្នុងមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញផ្អើលទៅកាន់ទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រកមើលមូលហេតុលើខ្លួនសាកសពជនរងគ្រោះ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម លោកអនុសេនីយ៍ឯក ហ៊ុយ សុផុន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមជាមួយនឹងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយធ្វើការត្រួតពិនិត្យ ជុំវិញបរិវេណ និងនៅលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត់ចង«ក» សម្លាប់ខ្លួនឯងពិតប្រាកដមែន។ មានឈ្មោះ ស៊ឹម យ៉ន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ដោយឡែកប្រភពពីកូនជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងដែរថា នៅក្នុងរយៈពេលជាងពីរខែកន្លងមកនេះ គាត់តែងតែរករឿងឈ្លោះប្រកែកជាមួយកូនចៅ រហូតថ្ងៃខ្លះយកដុំឈើដេញចោលកូនចៅក៏មាន ហើយថ្ងៃខ្លះទៀតក៏ស្រវឹងដើរចេញបាត់ពីផ្ទះ តែងតែធ្វើការគម្រាមដល់កូនចៅថា ទៅរកចង«ក» សម្លាប់ខ្លួនមួយដង ជាពីរដងរួចមកហើយ ប៉ុន្តែក៏ឃើញគាត់ត្រឡប់មកវិញដោយខ្លួនឯងវិញ ។

ប្រភពដដែលបន្តថា នៅព្រលប់ថ្ងៃទី១២ម្សិលមិញ គាត់បានដើរចេញបាត់ពីផ្ទះ ក្រោយពីឈ្លោះប្រកែកជាមួយនឹងកូនចៅរួច ហើយទាំងអាការៈស្រវឹង លុះព្រឹកឡើងនៅតែមិនឃើញគាត់ដើរទៅផ្ទះវិញដូចធម្មតាសោះ ក្រោយមកក៏ទទួលបានព័ត៌មានថាឳពុកខ្លួនចង«ក» សម្លាប់ខ្លួនឯងនៅក្រោមផ្ទះគេបាត់ហើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ទៅតាមប្រពៃណី នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ និងដោយការអនុញ្ញាតចូលរួមពីសំណាក់លោក លី ធារិទ្ធ និងភរិយា ដែលជាម្ចាស់ផ្ទះផងដែរ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner