ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ រួមទាំងជនបរទេស ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅសេសសល់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩។
យោងតាមលិខិតជូនដំណឹង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ការចាក់វ៉ាក់សាំងនេះ នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យ ២កន្លែង គឺនៅមន្ទីរពេទ្យព្រះអង្គឌួង និងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ រីឯបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំង ដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
សូមបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស បានកើនឡើងចំនួន ៨ ៨៥៧ ៩៧៩នាក់ ស្មើនឹង ៨៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ក្នុងនោះ កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំង បាន ៥២២ ៩៣៨នាក់ ស្មើនឹង ២៦,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៩៦៦ ៩៣១នាក់។ រីឯអ្នកចាក់វ៉ាក់សាំង ដូសទី៣ មានចំនួន ២០៦ ២០៥នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner