សត្វទន្សោងបារមួយក្បាល បានស្លាប់ក្នុងព្រៃសហគមន៍ម៉ុមប្រាំបី ក្នុងខេត្តកំពង់ស្ពឺ ដោយសារជាប់អន្ទាក់ព្រាន

អត្ថបទដោយ៖
ជា សេឌី

មន្ត្រីក្រុមអភិរក្សព្រៃឈើសហគមន៍ម៉ុមប្រាំបី នៃខេត្តកំពង់ស្ពឺ បានប្រទះឃើញសាកសពសត្វទន្សោងបារមួយក្បាល នៅក្នុងព្រៃសហគមន៍ បន្ទាប់ពីសត្វទន្សោងបារមួយនេះបានស្លាប់មកជាច្រើនថ្ងៃ។

គ្រោងឆ្អឹងត្រូវបានប្រទៈឃើញ គឺនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្នុងព្រៃសហគមន៍ ពេលក្រុមមន្ត្រីអភិរក្សសហគមន៍បានចេញល្បាត។

យោងតាមសម្តីរបស់លោក លីវ សារ៉ុម មន្ត្រីអភិរក្សសហគមន៍ព្រៃឈើម៉ុមប្រាំបីបានឱ្យដឹងថា ទន្សោងឈ្មោលខាងលើនេះបានស្លាប់ដោយសារតែជាប់អន្ទាក់ព្រានព្រៃ វាបានរើបំរះពីអន្ទាក់របស់ព្រានរហូតដាច់ជើងម្ខាង ហើយបានរត់គេចចេញពីកន្លែងជាប់អន្ទាក់នោះ ដើររហូតដល់កន្លែងដែលវាបានស្លាប់។

លោក លីវ សារ៉ុម បានក៏បានបញ្ជាក់ផងដែរថា សត្វទន្សោងឈ្មោលមួយក្បាលនេះ គឺមានរបួសជាប់ខ្លួនរួចមកហើយ ខណៈវាធ្លាប់បានជាប់អន្ទាក់ព្រានម្តងរួចមកហើយកាលពីអំឡុងខែឧសភា កាលណោះក្រោយពេលវាមានរបួសវាបានដើរចូលមកចំកាមេរ៉ារបស់ក្រុមអភិរក្សដោយជើងម្ខាងមានរបួសធ្ងន់ធ្ងរ ឯរូបកាយក៏មានការស្គមស្គាំងផងដែរ ។ ពេលនោះក្រុមការងារបានដាក់កម្លាំងចុះល្បាតរកកន្លែងវារស់នៅ ដើម្បីហៅក្រុមអង្គការសម្ពន្ធ័មិត្តមកជួយព្យាបាល ហើយតាំងពីពេលនោះរហូតមកដល់ថ្ងៃជួបវាបានស្លាប់ ពួកក្រុមអភិរក្សរបស់លោកមិនដែលបានប្រទះឃើញវាទេ។

ពាក់ពន្ធ័នឹងករណីប្រទះឃើញនេះដែរ លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើម៉ុមបី ក៏បានឱ្យដឹងដែរថា វាជាទន្សោងទី៦ហើយ ដែលបានស្លាប់ដោយជាប់អន្ទាក់ ។ ទន្សោងបារនេះវាជាប់អន្ទាក់រយៈពេលយូរថ្ងៃបណ្តាលឱ្យដំបៅដាច់ជើង ដូច្នេះហើយទើបបណ្តាលឱ្យវាស្លាប់ព្រោះតែមិនអាចដើររកស៊ីបាន ។ ជាមួយនឹងការស្លាប់ទន្សោងបារនេះដែរ ប្រធានសហគមន៍ក៏បានបញ្ជាក់ដែរថា ទន្សោងបារនេះតែដើរជាគូជាទន្សោងមេមួយក្បាលទៀត ដែលបច្ចុប្បន្នទន្សោងមេនោះក៏កំពុងមានរបួសជើងផងដែរ ពេលនេះក្រុមការងារកំពុងរុករកវាដើម្បីព្យាបាលជើងដែលរងរបួសផងដែរ ៕ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner