ប្រហែលក្មួយៗខ្លះឆ្ងល់ថាហេតុអីពេលនេះ ខ្មែរចំណាស់មួយចំនួនចាប់អារម្មណ៍ពីស្ថានភាពនៅអាហ្វហ្កានីស្ថានម្ល៉េះ?

អត្ថបទដោយ៖
AMS OneMinute

សូមជំរាបក្មួយៗថា ចំពោះខ្មែរមួយចំនួនដែលស្គាល់សង្គ្រាម ៧០ ពិសេសអ្នករស់ក្នុងតំបន់ដែលលោក លន់ នល់ គ្រប់គ្រង គឺពួកយើងកំពុងសាកុនប្រវត្តិសាស្ត្រមកមើលឡើងវិញ។ ពេលនេះ អ្នកឯកទេសអាមេរិក ថាយ៉ាងយូរ ៩០ថ្ងៃ ពួកតាលីបង់នឹងមកដល់ទីក្រុងកាប៊ុល ក៏រាប់ទៅប្រហាក់ប្រហែលភ្នំពេញរលំនៅថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ខ្មែរក្រហមបើកយុទ្ធនាការវាយផ្តាច់ខ្សែក្រវាត់ភ្នំពេញនៅវេលាម៉ោង ១២យប់ថ្ងៃទី៣១ ធ្នូ ១៩៧៤ ឆ្លងចូលថ្ងៃ ១ មករា ១៩៧៥ ពោលគឺចំពេលដែលមេទ័ព លន់ នល់ ភាគច្រើនជាប់ជប់លៀងផឹកឆ្លងឆ្នាំជាមួយទីប្រឹក្សាយោធាអាមេរិក ឬជួបជុំគ្នាជប់លៀងឆ្លងឆ្នាំ។ សង្គ្រាមកាន់តែកៀក អាមេរិកកាន់តែនិយាយពីរឿងចរចា ហើយប្រឹងដូរ លន់ នល់ ដើម្បីមានភាគីអាចនិយាយជាមួយកងរំដោះបាន។ ពួកយើងក៏ប្រឹងតែជឿថាអាមេរិកប្រឹងប្រែងមែន ។ តែទីបំផុត គេលាងដៃរលាស់ពួកយើងចេញតែប៉ុណ្ណោះ ហើយឆាកល្ខោននេះ កំពុងសម្តែងជាថ្មីនៅអាហ្វហ្កានីស្ថានហើយ។ យើងអ្នកជំនាន់ ៧០ កំពុងហាក់ត្រឡប់ទៅដើរឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃលើផ្លូវដែលយើងធ្លាប់ដើរនេះ។

✍🏽 Khieu Kanharith

ads banner