រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យ ទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។

ផែនការមេនេះ ចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។

ផែនការមេ ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ ០១ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner