អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ទៀត បានទទួល​នីតិសម្បទា​នយោបាយ​ឡើងវិញ​

ភ្នំពេញៈ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​ពីររូប​ទៀត​ដែល​ជាប់​បម្រាម​តុលាការ​កំពូល ត្រូវបាន​ព្រះករុណា ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ បន្ទាប់ពី​មាន​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​២​ដាច់ដោយឡែក​ពីគ្នា ដែល​ឡាយ​ព្រះ​ហ​ត្ត​លេខានា​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២១ ។​

​អតីតមន្ត្រី​ទាំង​២​រូបនេះ​មាន​៖ លោក ឃឹម ឡា​គី អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល និង លោក ម៉ៅ សុផល អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​។​ពួកលោក​ត្រូវបាន​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាមរយៈ​សាលដីកា​តុលាការកំពូល ។

​គួររំលឹកថា ក្នុងឱកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី​១២ ដល់​១៧​ឆ្នាំ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១ ខែសីហា​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បានប្រកាស​រឹតបន្តឹង​លើ​ការស្នើសុំ​នីតិសម្បទា ធ្វើ​នយោបាយ​របស់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួនទៀត​ដែល​ជាប់​បម្រាម​តុលាការ ។​សម្តេច​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ សំណើ​របស់​អ្នក​ទាំងនោះ នឹងត្រូវ​ទុកពេល​ពិចារណា​មួយរយៈ​សិន​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៦​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ​និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ។ ក្នុងនោះ​រួមមាន ទី​១. លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ,​ទី​២. លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ,​ទី​៣.​លោក ស៊ីម សុវណ្ណនី ,៤. លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥. លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦. លោកស្រី ទេព សុ​ទ្ធី​, ទី​៧. លោក កង គឹម​ហាក់​, ទី​៨. លោក ជីវ កត្តា .​ទី​៩. លោក ច័ន្ទ សិលា ,​ទី​១០. លោក សុន ឆ័យ​, ទី​១១. លោក តាវ គឹម​ឈន​, ទី​១២. លោក​វ៉ា សាម៉ុន​, ទី​១៣. លោក ស៊ុន សុ​ភ័​ក្រ​, ទី​១៤. លោកស្រី លី ស្រី​វី​ណា​, ទី​១៥. លោក ថាច់ សេដ្ឋា​, ទី​១៦. លោក យ៉ែម បុញ្ញឫទ្ធិ​, ទី​១៧. លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក កឹម សុខា​, ទី​១៨. លោក ជុំ ច័ន្ទ​ដា​រិ​ន​, ទី​១៩. លោក ទួត យឿ​ត​, ទី​២០. លោក ឡា​ត់ លិ​តេ​យ្យ​, ទី​២១. លោក ឡុង គឹម​ឃ​ន​, ទី​២២. លោកស្រី យង់ ផាន់​ណេ​ត​, ទី​២៣. លោក ប៉ុល ហំ​ម ,​ទី​២៤. លោក ផាន់ ច័ន្ទ​ស័ក្តិ​, ទី​២៥. លោក ឃឹម ឡា​គី​និង ទី​២៦. លោក ម៉ៅ សុផល លើក​នេះ​៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner