ទំនប់ស្ទាក់ទឹកឆ្លើយតបពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងឃុំតាក្រីនៃស្រុកកំរៀង នៅក្នុងអង្គវេទិកាសាធារណៈនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ទំនប់ស្ទាក់ដែលក្រុមការងារចុះមកពិនិត្យមើលនៅថ្ងៃនេះគឺជាទំនប់ឆ្លើយតបតាមការស្នើសុំក្នុងអង្គវេទិកាសាធារណៈនៃរដ្ឋបាលខេត្តបាត់ដំបងកន្លងមក ដែលជាសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំរៀង តាមរយៈអាជ្ញាធរខេត្ត និងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងជួយដល់ពួកគាត់ដែលកំពុងតែប្រឈមដោយខ្វះទឹកសំរាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងពីការស្រោចស្រពនូវដំណាំចម្ការផ្សេងៗក្នុងរដូវប្រាំង ជាច្រើនឆ្នាំកន្លងមកនេះ។

      ការថ្លែងលើកឡើងបែបនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តបានបញ្ចប់ការងារទទួលបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តច្រកទ្វារតំបន់ “អូរអន្លក់-សួនស៊ុ”ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍ទៅថ្មីៗនេះ ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងទៀតថា៖ការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងមង្គលបុរីនេះ គឺពិតជាឆ្លើយតបបាននូវសំណូមពរចាំបាច់ឆ្លើយតបយ៉ាងទាន់ពេលវេលា តាមសំណើរ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងារចុះជួយខេត្ត ដែលសម្តេចបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបជូនប្រជាពលរដ្ឋក្នុងឃុំខាងលើនេះ។ហើយទំនប់នេះក្រោយពីបញ្ចប់ក្នុងការសាងសង់ គឺជទំនប់ស្ទាក់ទឹកមួយនេះអាចស្តុកនិងតម្កល់ទុកទឹកយ៉ាងហោចណាស់០៥លានម៉ែត្រត្រីគុណពីប្រភពទឹកស្ទឹងមង្គលបុរីក្នុងរដូវវស្សានិងដើម្បីរក្សាតម្កល់ទឹកទុកប្រើប្រាស់នូវក្នុងការស្រោចស្រព ការដាំដុះដំណាំចម្ការ និងជួយសង្គ្រោះរដូវវស្សា។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវដោយធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅ និង អាស្រ័យផលពីទំនប់ស្ទាកទឹកមួយនេះថា៖ ទំនប់នេះគឺសំរាប់បម្រើជីវភាពប្រចាំថ្ងៃនិងស្រោចស្រពដំណាំចម្ការតែប៉ុណ្ណោះ ជាពិសេសជួយសង្គ្រោះស្រូវរដូវវស្សាហើយក៏មិនលើកទឹកចិត្តឲ្យធ្វើស្រែប្រាំងនោះទេ។

      បើតាមការអះអាង និង គូសបញ្ជាក់៖ ពីលោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានអមដំណើរឯកឧត្តមអភិបាលខេត្ត ក្នុងការចុះពិនិត្យមើល ពីវឌ្ឍនភាព នៃគម្រោងសំណង់ស្ទាក់ទឹក”ស្ទឹងមង្គលបុរី”ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា តាមការរំពឹងទុកនិងបន្ទាប់ពីគម្រោងសាងសង់នេះ ត្រូវបានបញ្ចប់នោះនិងអាចមានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវក្នុងរដូវវស្សាប្រមាណ ១.៨៥០ហិកតា, ស្រូវរដូវប្រាំងចំនួន ៣៦០ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៤៧០ហិកតា និងផ្តល់ទឹកក្នុងការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋ ចំនួន០៨ក្នុងភូមិ ស្មើនិងគ្រួសារប្រមាណ២.២០៨គ្រួសារ។ហើយសំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរីនេះ និងមានតួនាទីសំខាន់ក្នុងការទទួលប្រភពទឹកមកពីប្រទេសថៃ នៃ ផ្ទៃរងទឹកភ្លៀងពីខេត្តប៉ៃលិន និងមួយផ្នែកទៀត ពីផ្ទៃរងទឹកនៅក្នុងតំបន់ ដែលបានហូរចុះទៅបឹងទន្លេសាប។

     លោកប្រធានមន្ទីរធនធានទឹកខេត្ត បានបន្ថែមទៀតថា៖ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម។បច្ចុប្បន្ន សម្រេចបានលទ្ធផល ប្រហែល៩០%ហើយ ក្នុងទំហំការងារ រួមមាន៖ ការសាងសង់សំណង់ស្ទាក់ទឹក ចំនួន ០១កន្លែង លើស្ទឹងមង្គលបុរី។ និងការសាងសង់នូវទំនប់សណ្តរនៃស្ទឹងមង្គលបុរី ប្រវែង ៣៥០ម។តាមការបញ្ជាក់ពីក្រុមការងារសាងសង់ទំនប់ខាងលើនេះ ក៏បានឲ្យដឹងផងដែរថា៖ ទំនប់ស្ទាក់ទឹកស្ទឹងមង្គលបុរី នេះអាចបម្រើ នូវតម្រូវការក្នុងការស្រោចស្រពលើការដាំដុះដំណាំចម្ការ ជាចម្បង និងជួយសង្គ្រោះ ដល់ស្រូវរដូវវស្សា ផងដែរ។ ហើយទំនប់ស្ទាក់ទឹកនេះគ្រោងបញ្ចប់ការសាងសង់ នៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។

      ក្នុងការចុះទៅពិនិត្យមើលទំនប់នេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរពីគម្រោងនៃការសាងសង់ទំនប់ស្ទាក់ទឹក របស់ ក្រសួងធនធានទឹក និង ឧតុនិយម តាមរយៈសំណើស្នើសុំរបស់សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លើយតបបានលឿននិងទាន់ពេលវេលាតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋាន ក្នុងអង្គវេទិកាសាធារណៈ របស់ ក្រុមប្រឹក្សាខេត្តបាត់ដំបង កន្លងមកផងដែរ ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner