សត្វស្លាបគ្រប់ប្រភេទបន្តបង្ហាញវត្តមាន និងកើនចំនួន នៅវាលស្រែនៅស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ តាំងចុងឆ្នាំ២០១៩ មកទល់ខែកុម្ភៈ ឆ្នាំ២០២០នេះ សត្វស្លាបចម្រុះបានបន្តកើនចំនួន ហើយបង្ហាញវត្តមានដោយគ្មានបារម្ភភាពភ័យខ្លាចនៅតាមវាលស្រែ បឹងបួរត្រពាំង អូរ ប្រឡាយ និងវាលនៅជាយភូមិអ្នកស្រុក ឬជិតៗអ្នកស្រុកនៅភូមិសាស្ត្រស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ មង្គលបូរីជាដើម។
គេបានឃើញសត្វស្លាបទាំងនោះ ហិចហើរលើវេហារនិងចុះរកចំណីរលើទីតាំងដូចខាងលើ ដែលមើលទៅដូចទិដ្ឋភាពធម្មជាតិ។ ពួកកសិករម្ចាស់ស្រែប្រាំងអោយដឹងថា ដីវាលស្រែ និងទីសាធារណៈមួយចំនួនតាំងពីរដូវវស្សា រដូវរំហើយមកទល់រដូវប្រាំងនេះ វត្តមានសត្វស្លាបគោក សត្វស្លាបទឹកបានចុះច្រើននៅតាមវាលស្រែដែលគេវ៉ៃដី ភ្ជួររាស់ធ្វើស្រែប្រាំង វាលស្រែដែលកំពុងលូតលាស ហើយស្រូវទុំនិងតាមវាលស្រែដែលច្រូតកាត់ប្រមូលផលហើយ។ សត្វស្លាបខ្លះរកស៊ីតែក្តាមខ្យង សត្វល្អិត និងគ្រាប់ស្មៅ តែសត្វខ្លះក៏ជាន់ស្រូវអោយខូចខាតដែរ។
កាលពីថ្ងៃទី១២ខែកុម្ភៈ យើងក៏បានឃើញសត្វស្លាបបង្ហាញវត្តមានដោយចុះរកស៊ីចំណី និងហិចហើរប្រឡែងគ្នាទាំងហ្វូងៗ ទាំងនោះមានដូចជា ចង្កៀលខ្យង ក្រសារ ប្រវឹក ប្រវែក ក្អែកទឹក ក្អែកគោក ទុង ត្រយ៉ង ខ្វែក កុក ស្មោញ ចចាត ។ល។
កសិករ និងមន្ត្រីក្សេត្រសាស្ត្រអះអាងថា ៖ វត្តមានសត្វស្លាបច្រើន គួរសប្បាយចិត្ត ល្អមើល ហើយបង្ហាញថា មនុស្ស និងសត្វលែងចងគ្នាជាសត្រូវ លែងសូវមានការបរបាញ់ព្រានប្រម៉ង់។ ហើយតាមវាលស្រែស្រូវមានលក្ខណៈធម្មជាតិច្រើន មិនសូវមានសារជាតិគីមីឬថ្នាំពុលហួសប្រមាណដូចមុន ។
លោកវរសេនីយ៍ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកអោយដឹងថ្ងៃទី១២ខែកុម្ភៈថា ៖ ការយាយី ដាក់ថ្នាំនិងប្រមាញ់សត្វស្លាបត្រូវបានទប់ស្កាត់បង្ក្រាបបានស្ទើរទាំងស្រុង ។ ជាពិសេស គឺពលរដ្ឋបានចូលរួមសហការឬអាចថា ពួកគាត់លែងបៀតបៀនសម្លាប់សត្វ ។
ទោះយ៉ាងនេះក្តី ពួកមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថានតំបន់ការពារទេសភាពអាងត្រពាំងថ្ម និងសកម្មជនសត្វព្រៃអោយដឹងថា ៖ សត្វស្លាប់កម្រ និងសត្វស្លាប់ជិតផុតពូជមួយចំនួនពិសេសគឺសត្វក្រៀលក្បាលក្រហមដែលសំខានជាងគេ សត្វរនាលពណ៌ រនាលប្រផេះ ក្ងរ ខ្សឹប ទាព្រៃ …និងសត្វល្មូន សត្វម្រឹគពិសេសរមាំង ឈ្លូស មិនសូវបង្ហាញវត្តមាននៅឡើយ៕ ដោយ៖ឃិន គន្ធា