«វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី៣ ជាដូសជម្រុញ បានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម
សូមរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកុំភ្លេចអនុវត្ត “៣ការពារ ៣កុំ” ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ ព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទសាលាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងមន្ត្រីរាជាការមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ផងដែរ។
គួរបញ្ជាក់ថា គិតចាប់ពីដើមខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន ៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់ ។ ចំពោះ កុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ-១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ផងដែរ ៕