មនុស្សជំនិតលោកកឹម សុខា៖ដល់ពេលវេលា ACU ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ
ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានថ្លែងថា ដល់ពេលវេលាហើយដែលស្ថាប័នអនុវត្តច្បាប់ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ ដើម្បីបង្ហាញថា ស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង។ ហើយគួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ, លោក គី វណ្ណដារ៉ា និងលោកស្រីមូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។
លោក គី វណ្ណដារ៉ា លោក យឹម សុវណ្ណ
លោក មុត ចន្ថា បានសរសេរក្នុងហ្វេសប៊ុកនៅថ្ងៃទី១៦ ខែសីហា នេះថា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បិទមាត់ជិតឈឹងរឿងបាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ ដោយគិតទាំងការទាំងដើម។ លោក យឹម សុវណ្ណ ជាថ្នាក់ដឹកនាំម្នាក់ដែលគេបានដឹងថាបានស៊ីញ៉េដកលុយពីធនាគារ ហើយគាត់ចេញចូលប្រទេសកម្ពុជា-អូស្រ្តាលីដោយសេរី និងមិនឆ្លើយតបចំពោះការបាត់លុយទូរទស្សន៍ ដែលខ្លួនគាត់ និងលោក គី វណ្ណដារ៉ា បានដកចេញពីធនាគារ។
លោកបន្តថា តើមានរឿងអ្វីនៅពីក្រោយវាំងននខ្មៅនៃការបាត់លុយទូរទស្សន៍នេះ? តើពួកគេបានដឹង ឬមិនបានដឹង? តើពួកគេណាម្នាក់បានទទួលចំណែកពីលុយទូរទស្សន៍នេះទេ? ភាពស្ងាត់ស្ងៀមរបស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹងនៃលុយទូរទស្សន៍ មានន័យពីយ៉ាង៖ ១)ពួកគេជាមនុស្សស្រឡាញ់គាំទ្រអំពើពុករលួយ និង ២) ពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ!
អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មី ដោយកំពុងអួតឡង់សេពីគោលនយោបាយពីការចង់បានសង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែកទទួលខុសត្រូវ។ ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេកដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ។
លោកស្រីមូរ សុខហួរ
លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា “វាដល់ពេលវេលាហើយដែលស្ថាប័នអនុវត្តច្បាប់ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថាស្ថាប័នទាំងនេះ អនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។
លោកចន្ថា បានលើកឡើងថា “អង្គភាពប្រឆាំងអំពើពុករលួយ គួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៉ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា។ ទ្រព្យសម្បត្តិរបស់លោកស្រីមូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានាអះអាង ពីការមិនបាត់លុយទូរទស្សន៍នេះ។ អ្នកគួរតែបង្ហាញពណ៌ពិតប្រាកដថាអ្នកជាអ្នកប្រជាធិបតេយ្យ តែមិនមែនព្រាយប្រែកាឡាជាទេវតា មកបន្លំ និងបំភ័ន្តភ្នែកប្រជាពលរដ្ឋ!”៕
ដោយៈពលជ័យ