កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៥លានដុល្លារ កើនឡើង៨ភាគរយនៅឆមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)
ភ្នំពេញ៖ យោងតាមតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានអោយដឹងថា នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន១៥លាន៣០ម៉ឺន៧ពាន់៧២១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានចំនួន១៤លាន១០ម៉ឺន៩ពាន់៨៣៤ដុល្លារ (បានធ្វើសវនកម្ម) ។
ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖
*ទី១៖ ចំណូលពីប្រតិបត្តិការផែមានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ។ *ទី៖ ចំណូលបានពីអាជ្ញាធរផែមានចំនួន១លាន៦៦ម៉ឺន៤ពាន់៧៦៦ដុល្លារ។ *ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗមានចំនួន២១ម៉ឺន៤ពាន់៨ដុល្លារ។ *ទី៤៖ ចំណូលផ្សេងៗមានចំនួន១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។ ដោយឡែកចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្ដសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២១នេះ រួមមាន៖ ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២លាន២៥ម៉ឺន៧ពាន់២៦៣តោន កើនឡើង៦.៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន២លាន១១ម៉ឺន៦ពាន់៦៩តោន។ ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១ពាន់៣៤០ជើង ថយចុះ០.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន១ពាន់៣៣៧ជើង។ ទី៣៖ បរិមាណកុងតឺន័រ មានចំនួន១៨ម៉ឺន២ពាន់២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន១៦ម៉ឺន៣ពាន់២៩ធីអ៊ីយូ។ លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញធ្លាប់បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញបានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុងនៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់។ លោកបន្ថែមថា នៅពេលដែលបញ្ហាកូវីដ-១៩ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញបានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាពផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញរកចំណូលបាន ២៩លាន៤៨ម៉ឺន៧ពាន់៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១លាន៣១ម៉ឺន១ពាន់២៦៤ដុល្លារ៕