សារព័ត៌មាន India Today ៖ លោក អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ហើយទំនងជានឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក
អូម៉ង់៖ សារព័ត៌មាន India Today បានចុះផ្សាយនៅថ្ងៃចន្ទនេះថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ដោយរូបលោកអាចនឹងបន្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ។
ដំណឹងខាងលើនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីក្រសួងការបរទេសតាហ្ស៊ីគីស្ថាន ប្រកាសច្រានចោលព័ត៌មានដែលបានចេញផ្សាយកន្លងមកនេះថា លោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី បានភៀសខ្លួនចូលទៅក្នុងប្រទេសខ្លួន ។ ប្រភពដដែលបានអោយដឹងទៀតថា អតីតទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថានលោក ហាំឌុលឡាហ៍ ម៉ូហ៊ីប ក៏កំពុងស្ថិតនៅជាមួយលោក ហ្គានី ផងដែរ ។
សូមជម្រាបថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានមួយរូបទៀត គឺលោក ហាមីដ កាហ្សៃ និងប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិជាន់ខ្ពស់ លោក អាប់ឌុលឡាហ៍ អាប់ឌុលឡាហ៍ កំពុងស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលនៅឡើយ ដើម្បីចរចាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយជាមួយនឹងក្រុមតាលីបង់ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីដំណើរវិវឌ្ឍចុងបញ្ចប់ថា នឹងទៅជាយ៉ាងណានោះឡើយ ៕ ប្រភព៖ Indiatoday