កូនប្រសា និងកូនស្រីបង្កើតដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់នៅខណ្ឌមានជ័យកន្លងទៅត្រូវតុលាការសម្រេចឃុំខ្លួនហេីយ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនកូនស្រីបង្កើតនិងកូនប្រសាដែលទាស់ទែងគ្នាហើយយកកាំបិតចាក់គ្នាទៅវិញទៅមកខណៈឪពុកចូលទៅជួយឃាត់បែរជាចាក់ត្រូវចំពោះឪពុកស្លាប់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ«ឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ»។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាប្តីនិងត្រូវជាកូនប្រសាជនរងគ្រោះឈ្មោះហេងសៅរស្មីអាយុ៣១ឆ្នាំនិងប្រពន្ធឈ្មោះប៊ុនសូហ្វែរអាយុ២៨ឆ្នាំជាកូនបង្កើត។ពួកគេទាំងពីរប្រកបមុខរបរលក់អនឡាញ។ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះប៊ុនវណ្ណាអាយុ៥៩ឆ្នាំស្នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូងបេតុងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យ។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថាក្រោយពីលោកម៉ុតដារ៉ាជាតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំសវនាការផ្តន្ទាទោសតាមអំពើដែលជនល្មើសបានប្រព្រឹត្ត។

បេីតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាដំណើររឿងឃាតកម្មខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ស្ថិតនៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូងបេតុងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យដោយប្តីប្រពន្ធពីរនាក់នេះបានឈ្លោះប្រកែកគ្នារហូតក្លាយទៅជាអំពើហិង្សាកាប់ចាក់ក្នុងគ្រួសារដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងប្តីប្រពន្ធពីរនាក់នោះបានឈ្លោះប្រកែកគ្នាដែលប្រពន្ធបានចោទប្រកាន់ប្តីថាមានស្រីលួចលាក់ខាងក្រៅផ្ទះ។ការចោទប្រកាន់ពីសំណាក់ស្ត្រីជាភរិយាថាប្តីមានស្រីលួចលាក់ក្រៅផ្ទះនេះបានធ្វើឲ្យប្តីមានការតបតទើបកើតជាជម្លោះដោយប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក។

អ្នកជិតខាងនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងដែរថា៖នេះមិនមែនជាលើកទីមួយទេដែលគ្រួសារមួយនេះឈ្លោះទាស់ទែងគ្នាតែរឿងប្រច័ណ្ឌនោះ។ដោយសម្លេងស្រែកជេរបញ្ចោរនិងវាយកាប់ចាក់គ្នាលាន់ឮកងរំពងពេញក្នុងផ្ទះរវាងប្តីប្រពន្ធទាំងពីរដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងនោះជាហេតុធ្វើឲ្យបុរសជាឪពុកដែលមានវ័យចំណាស់បានដើរចូលទៅឃាត់និងជួយចាប់កូនបង្កើតនិងកូនប្រសាកុំឲ្យឈ្លោះគ្នាទៀត។

ប៉ុន្តែស្របពេលនោះកូនស្រីបានស្ទុះទៅយកកាំបិតសាំងគីមពីក្បាលដំណេកបម្រុងចាក់ប្តីតែត្រូវឪពុកនិងប្តីចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិតជាហេតុធ្វើឲ្យស្ត្រីជ្រុលដៃចាក់ទៅលើឪពុកជាច្រើនកាំបិតបណ្តាលឲ្យឪពុករងរបួសធ្ងន់ធ្ងរនឹងហូរឈាមស្រោចពេញដងខ្លួន។ភ្លាមនោះប្តីប្រពន្ធទាំង២នាក់បានស្រវាស្រទេញដឹកឪពុកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីសង្គ្រោះប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យឈាមលោកអ្នកមានគុណហូរច្រើនពេកជនរងគ្រោះក៏បានលាចាកលោកដោយមិនវិលត្រឡប់ដោយស្នាដៃកូនទាំងពីរនាក់នេះតែម្តងទៅ។

បន្ទាប់ពីឪពុកបាត់បង់ជីវិតហើយជនសង្ស័យបានដឹកសពឪពុកត្រឡប់ទៅផ្ទះវិញទើបស្ត្រីជាកូនបង្កើតបានរាយការណ៍ជូនសមត្ថកិច្ចប្រាប់ពីដំណើររឿងដែលបានកើតឡើងដោយពួកគេក៏មិនបានគេចវេសពីហេតុការណ៍នោះដែរ៕ដោយ៖ភារ៉ានិងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner