គ្រូពេទ្យទ័ពជើងគោក ចាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកងទ័ព និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក
តាកែវ ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានការសហការជាមួយក្រុមគ្រូពេទ្យកងទ័ពជើងគោក បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកងទ័ព និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានវិស្វកម្ម បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោបានដោះស្រាយ និងចាក់វ៉ាក់សាំងជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទូទាំងប្រទេសរួមមាន វ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលកំពុងដំណើរការចាក់នាពេលនេះ ។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបន្តទៀតថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ជា ដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ រួចហើយ ។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ នៃបគកជាការដ្ឋានវិស្វកម្ម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ដែលសម្តេចបានគិតគូរពីសុខទុកកងទ័ព គ្រួសារកងទ័ព នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្តេចបានខិតខំរកវ៉ាក់សាំងមកចាក់ជូន កងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ទួទាំងប្រទេសដោយឥតគិតថ្លៃ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាកសាំងជូនកងទ័ព និងគ្រួសារកងទ័ពជើងគោក ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលក្រុមការងារគ្រូពេទ្យទ័ពជើងគោក និងបានផ្តាំផ្ញើដល់ក្រុមការងារគ្រូពេទ្យទ័ពជើងគោក ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលថ្នាក់លើប្រគល់ជូន អោយបានល្អប្រសើរតាមផែនការ និងបានអរគុណដល់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកដែលបានសហការល្អធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំងនេះ ប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក ៕