ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហៃទីបន្តកើនឡើង
ប្រជាជនហៃទីកំពុងវាយកំទេចអគារដែលបាក់បែកដើម្បីស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសមួយនេះ ដោយបានសម្លាប់មនុស្សជិត ១ ៣០០ នាក់ និងរងរបួសជាច្រើននាក់។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិលហៃទី គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានបំផ្លាញផ្ទះចំនួន ១៣ ៦៩៤ ខ្នង សម្លាប់មនុស្សអស់ ១ ២៩៧ នាក់ ខណៈមនុស្សជាង ៥ ៧០០ នាក់បានរងរបួស និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។
ការរញ្ជួយដីបានវាយប្រហារភាគឦសាននៃតំបន់ Saint-Louis-du-Sud ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដែលមានចម្ងាយប្រមាណជា ៩៦ គីឡូម៉ែត្រពីកន្លែងរញ្ជួយចាស់ឆ្នាំ ២០១០ ធ្វើឱ្យវិហារគ្រិស្តសាសនា សណ្ឋាគារ មន្ទីរពេទ្យ និងសាលារៀនខូចខាតយ៉ាងដំណាំជាពិសេសនៅក្នុងតំបន់ និងនៅជុំវិញក្រុង Les Cayes។
គ្រោះលើកនេះ ក្លាយជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ហៃទី ដែលមិនទាន់ដោះស្រាយបញ្ហាបន្សល់ទុកក្រោយគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១០ ដែលសម្លាប់មនុស្សអស់ជាង ២០០ ០០០ នាក់ ខណៈដែលការធ្វើឃាតលោកប្រធានាធិបតី Jovenel Moïse កាលពីដើមខែកក្កដាបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិរួចទៅហើយ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីហៃទីថ្មី លោក Ariel Henry ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែកាលពីថ្ងៃសៅរ៍ ហើយបានអំពាវនាវឱ្យប្រជាជនហៃទីបង្ហាញពីសាមគ្គីភាពបន្ទាប់ពីរញ្ជួយដី។