តាលីបង់ចូលកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន ខណៈពេលប្រធានាធិបតី និងអ្នកការទូតបានភៀសខ្លួន
កាលពីថ្ងៃចន្ទ ទី១៦ សីហាក្រុមឧទ្ទាមតាលីបង់បានប្រកាសត្រៀមបង្កើតរបបកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេចូលកាន់កាប់រដ្ឋធានីកាប៊ុល ខណៈពេលដែលលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនទៅប្រទេសតាហ្ស៊ីគីស្ថាន ដោយនិយាយថាលោកមានបំណងជៀសវាងការបង្ហូរឈាម ។
លោក Mohammad Naeem អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បានប្រាប់ទូរទស្សន៍ Al Jazeera ថា៖ «”ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងយុទ្ធជនមូចារហ៊ីដីន។ ពួកគេបានឃើញនូវផលផ្លែនៃកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ពួកគេអស់រយៈពេល ២០ ឆ្នាំ»។ លោកនិយាយថា «អរគុណព្រះជាម្ចាស់ សង្គ្រាមបានបញ្ចប់នៅក្នុងប្រទេស»។
លោក Naeem និយាយថារចនាសម្ព័ន្ធនៃរបបកាន់អំណាចថ្មីនៅអាហ្វហ្គានីស្ថាននឹងត្រូវបានប្រកាសនាពេលឆាប់ៗនេះ ដោយបន្ថែមទៀតថាតាលីបង់មិនចង់នៅដោយឡែកទៀតទេ ហើយចង់មានទំនាក់ទំនងអន្តរជាតិ។
«យើងបានឈានដល់អ្វីដែលយើងកំពុងស្វែងរក ជាសេរីភាពរបស់ប្រទេសយើង និងឯករាជ្យភាពរបស់ប្រជាជនយើង» លោកនិយាយបែបនេះ ហើយបន្តទៀតថា៖ «យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើទឹកដីរបស់យើងដើម្បីវាយប្រហារនរណាផ្សេងឡើយ ហើយយើងមិនចង់ធ្វើបាបអ្នកដទៃឡើយ»។
លោកនិយាយថាតាលីបង់នឹងប្រកាន់យកគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការអ្នកដទៃ ជាថ្នូរនឹងនិងការមិនជ្រៀតជ្រែកចូលកិច្ចការរបស់ខ្លួន។
ប្រជាជនជាច្រើនមានភាពភ័យខ្លាចថាការត្រឡប់មកវិញរបស់តាលីបង់នឹងមានន័យថាប្រទេសអាហ្វហ្គានីស្ថាននឹងស្ថិតក្រោមច្បាប់តឹងរឹងរបស់សាសនាអ៊ីស្លាម។ អតីតមន្ត្រី និងទាហានរដ្ឋាភិបាល ក៏ដូចជាអ្នកបកប្រែឱ្យអាមេរិកជាច្រើននាក់មានការព្រួយបារម្ភថាពួកគេនឹងត្រូវកែនដោយក្រុមតាលីបង់ដើម្បីប្រហារជីវិត ដរាបណាពួកគេមិនអាចចាកចេញពីប្រទេស។
លោក Naeem និយាយថាតាលីបង់នឹងមិនប្រកាន់ជំហរតឹងរឹងដូចមុនទេ ហើយបានធ្វើការធានាសុវត្ថិភាពឱ្យអតីតមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃកាលល្ងាចថ្ងៃអាទិត្យ ក្រុមតាលីបង់បានចាប់ផ្ដើមឡោមព័ទ្ធរដ្ឋធានីកាប៊ុល ក្រោយពីបានវាយលុកដណ្ដើមទីរួមខេត្តនានារបស់អាហ្វហ្គានីស្ថានស្ទើរទាំងអស់ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ដោយគ្មានការតតាំងធំដុំណាមួយពីកងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលហ្វឹកហាត់ដោយសហរដ្ឋអាមេរិក។
ការចូលកាន់កាប់ក្នុងរយៈពេលដ៏ខ្លីនេះកើតឡើង បន្ទាប់ភ្នាក់ងារចារកម្មអាមេរិកបានប៉ាន់ស្មានថាតាលីបង់ត្រូវការរយៈពេលយ៉ាងហោចណាស់ ៩០ ថ្ងៃដើម្បីដណ្ដើមយកក្រុងកាប៊ុល។
ខណៈពេលដែលពួកគេប្រមូលផ្ដុំនៅជាយក្រុងកាប៊ុល ក្រុមតាលីបង់បានចេញសេចក្ដីថ្លែងការណ៍មួយថាយុទ្ធជនរបស់ពួកគេនឹង«មិនចូលទីក្រុងដោយបង្ខំទេ» ហើយកិច្ចពិភាក្សាកំពុងដំណើរការលើការផ្ទេរអំណាច «នៅក្នុងបរិយាកាសសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាជន» នេះបើតាមការរាយការណ៍របស់សារព័ត៌មានអាហ្វហ្គានីស្ថាន TOLO News។
រដ្ឋាភិបាលរបស់លោក Ghani បានព្យាយាមធានាប្រាប់ប្រជាជនក្រុងកាប៊ុលថា«ស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រង» ហើយ «កងកម្លាំងសន្តិសុខ និងការពារជាតិរបស់ប្រទេសកំពុងធ្វើការរួមគ្នាជាមួយដៃគូអន្តរជាតិដើម្បីធានាសន្តិសុខ»។
ប៉ុន្តែបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters និង TOLO News ដោយផ្អែកទៅលើប្រភពក្នុងរដ្ឋាភិបាល លោកប្រធានាធិបតី Ghani បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅពេលតាលីបង់ឡោមព័ទ្ធរដ្ឋធានី ហើយបានធ្វើដំណើរទៅប្រទេសតាហ្ស៊ីគីស្ថាន។
ក្រោយមកលោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់ថាលោក Ghani ពិតជាបានចាកចេញពិតមែន។ «អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានបានចាកចេញពីអាហ្វហ្គានីស្ថានដោយបន្សល់ទុកប្រទេសនៅក្នុងស្ថានភាពដ៏លំបាកនេះ» លោកនិយាយបែបនេះ ហើយបន្តទៀតថា៖ «ព្រះនឹងចាត់ទុកលោកថាជាអ្នកទទួលខុសត្រូវ»។
នៅក្នុងការបង្ហោះសារមួយលើបណ្ដាញសង្គម Facebook លោក Ghani បាននិយាយថាលោកបានចាកចេញពីប្រទេសដើម្បីជៀសវាងបង្កការប្រយុទ្ធគ្នាជាមួយតាលីបង់នៅរដ្ឋធានីកាប៊ុល ដែលនឹងបង្កផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់នៅទីនោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានហៅលោក Ghani ថាជាជនកំសាក ដែលបានបោះបង់ចោលប្រជាជន។
មន្ត្រីការទូតសហរដ្ឋអាមេរិក រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក ត្រូវបានជម្លៀសពីស្ថានទូតដោយឧទ្ធម្ភាគចក្រយោធាទៅកាន់អាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដើម្បីរងចាំការជម្លៀសចេញពីពីប្រទេសនេះ។ ផ្សែងបានកើនឡើងនៅក្នុងបរិវេណស្ថានទូតអាមេរិក ខណៈពេលដែលបុគ្គលិកកំពុងដុតឯកសារសំខាន់ៗ។ ទិដ្ឋភាពឧទ្ធម្ភាគចក្រហោះនៅលើផ្ទៃមេឃរបស់ក្រុងកាប៊ុលបានបង្កឱ្យអារម្មណ៍ក្នុងចំណោមប្រជាជនអាហ្វហ្គានីស្ថានថាអាមេរិកបានក្បត់អាហ្វហ្គានីស្ថាន។
អាមេរិកបានបង្កើនការដាក់ពង្រាយទាហាននៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលរហូតដល់ ៦០០០ នាក់ ដើម្បីជួយការពារកន្លែងនេះ និងសម្រួលការជម្លៀសជនភៀសខ្លួន ខណៈពេលដែលជើងហោះហើរឯកជនចុងក្រោយបានចាកចេញពីប្រទេសនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន បានរងការរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តដកកងទ័ពអាមេរិក និងការឆ្លើយតបរបស់លោកទៅលើការវាយលុកដ៏ឆាប់រហ័សរបស់តាលីបង់។ គណបក្សសាធារណរដ្ឋ និងសារព័ត៌មានអភិរក្សនិយមបានដាក់ឈ្មោះការដួលរលំក្រុងកាប៊ុលថា «សៃហ្គនរបស់បៃដិន» ដែលជាការប្រៀបធៀបការដួលរលំក្រុងសៃហ្គនបន្ទាប់ពីអាមេរិកដកខ្លួនចេញពីសង្គ្រាមនៅឥណ្ឌូចិនកាលពីឆ្នាំ ១៩៧៥។
អ្នករិះគន់ជាច្រើន បាននិយាយថាលោកបានបៃដិនបានសម្រេចដកទាហានចេញពីអាហ្វហ្គានីស្ថានឆាប់រហ័សពេក ហើយបានធ្វើសកម្មភាពតិចតួចដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមតាលីបង់។
លោកបៃដិនបានចោទប្រកាន់អ្នកកាន់តំណែងមុនលោក គឺលោកដូណាល់ ត្រាំ ថាជាអ្នកបង្កឱ្យមានវិបត្តិ ដោយសាររដ្ឋបាលមុនបានយល់ព្រមជាមួយក្រុមឧទ្ទាមនេះក្នុងការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានត្រឹមខែឧសភា ២០២១។
កាលពីប៉ុន្មានសប្ដាហ៍មុន លោកបៃដិនបាននិយាយថានឹងមិនមានការចុះឧទ្ធម្ភាគចក្រនៅបរិវេណស្ថានទូតអាមេរិកដើម្បីជម្លៀសបុគ្គលិកទេ ហើយក្រុមតាលីបង់មិនអាចចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងអស់ទេ ប៉ុន្តែរឿងទាំងពីនេះបានកើតឡើងរួចទៅហើយ។ លោកបានបង្ហាញជំនឿយ៉ាងខ្លាំងថាកងយោធាអាហ្វហ្គានីស្ថានអាចទប់ទល់នឹងតាលីបង់ ដោយមិនមានជំនួយពីអាមេរិក ប៉ុន្តែកងយោធានេះបានបរាជ័យដ៏ខ្លាំងក្នុងការការពារខ្លួន។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលអាមេរិកមានកំហុសក្នុងការវាយតម្លៃសមត្ថភាពរបស់កងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការទប់ទល់ក្រុមតាលីបង់។ ការវាយតម្លៃខ្ពស់ជាងសមត្ថភាពជាក់ស្ដែងបានធ្វើឱ្យមានជំនឿដោយខុសថារដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចការពារខ្លួនឯងបានពេលដែលអាមេរិកចាកចេញ។
អាមេរិកបានចំណាយរយៈពេលអស់ជិត ២០ ឆ្នាំ និងការចំណាយជាង ៨៨ ពាន់លានដុល្លារសម្រាប់ការបណ្ដុះបណ្ដាលកងសន្តិសុខអាហ្វហ្គានីស្ថាន ដែលពួកគេប៉ាន់ស្មានថាមានទំហំប្រមាណ ៣០០.០០០ នាក់។ ប៉ុន្តែអ្នកស្រាវជ្រាវឯករាជ្យបានរកឃើញបញ្ហាពុករលួយដ៏ធំមួយ ដែលក្នុងបញ្ជីបើកប្រាក់ខែមានឈ្មោះទាហានជាច្រើន ប៉ុន្តែជាក់ស្ដែងគ្មានឈ្មោះទាំងនេះក្នុងជួរទាហានទេ។ គេបានប៉ាន់ស្មានថាកងយោធាអាហ្វហ្គានីស្ថានមានទំហំជាក់ស្ដែងមួយភាគប្រាំមួយនៃចំនួនឈ្មោះក្នុងបញ្ជី មានន័យថាកងយោធាអាហ្វហ្គានីស្ថានមានទំហំត្រឹមតែ ៥០.០០០ នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញអ្នកវិភាគមួយចំនួនបានគិតថាសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាននៅមិនទាន់ចប់ទេ ហើយកំពុងឈានដល់ដំណាក់កាលថ្មីមួយ។ ពួកគេគិតថាមេដឹកនាំកងទ័ព ទាំងរដ្ឋាភិបាល និងជនជាតិភាគតិច បានដកថយដើម្បីប្រមូលក្រុមឡើងវិញ ហើយទំនងជារៀបចំធ្វើការបះបោរប្រឆាំងរបបតាលីបង់។ បើសិនពួកគេធ្វើបែបនេះមែន ប្រទេសអាហ្វហ្គានីស្ថាននឹងធ្លាក់ចូលភ្លើងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំទៀត៕