លោក ស៊ី ជីនពីង បញ្ជាឱ្យបញ្ជូនបុគ្គលិកពេទ្យយោធា២.៦០០នាក់បន្ថែមទៀតទៅចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុងវូហាន
ចិន៖ បុគ្គលិកពេទ្យយោធាប្រមាណ២ពាន់៦០០នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅកាន់ទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលទីតាំងស្នូលនៃការផ្ទុះឡើងវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ក្រោយទទួលបានការអនុញ្ញាតពីអគ្គលេខានៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកម្មុយនីស្តចិនលោក ស៊ី ជីនពីង ។
នេះគឺជាលើកទី០៣ហើយ សម្រាប់ការបញ្ជូនបុគ្គលិកពេទ្យយោធា ដើម្បីចូលរួមជួយជ្រោមជ្រែងក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ។
បើតាមសារព័ត៌មាន CGTN របស់ចិន បុគ្គលិកពេទ្យយោធាថ្មីខាងលើនេះ នឹងត្រូវទទួលភារៈកិច្ចព្យាបាលអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ តៃកាងតុងជី (Taikangtonji) ក្នុងទីក្រុងវូហាន ដែលមានចំនួន៨៦០គ្រែ និង នៅមន្ទីរពេទ្យស្រ្តី និង កុមារនៃខេត្តហ៊ូប៉ី ដែលមានចំនួន៧០០គ្រែ ដែលកំពុងដំណើរការសេវាកម្មស្រដៀងគ្នានឹងក្រុមការងារដទៃទៀតរបស់ពួកគេនៅឯមន្ទីរពេទ្យ ហ៊ូស៊ិនសាន (Houshenshan) ដែលបានបើកដំណើរការពេញលេញរួចហើយ ៕