នាយករដ្ឋមន្ត្រីកាណាដារៀបចំការបោះឆ្នោតមុនកំណត់ ខណៈលោកព្យាយាមបន្តអាណត្តបន្ទាបពីកូវីដ-១៩

នាយករដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau បាន​ប្រកាស​រៀប​ចំ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ដោយ​រំពឹង​ថា​ការ​គាំទ្រ​របស់​លោក​បាន​កើន​ឡើង​បន្ទាប់​ពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​កាណាដា​ ខណៈ​ពេល​ដែល​លោក​ព្យាយាម​ទទួល​សំឡេង​ភាគ​ច្រើន​ក្នុង​សភា បន្ទាប់​ពី​ដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ សីហា​លោក​ Trudeau បាន​ស្នើ​អគ្គ​អភិបាល​កាណាដា​លោកស្រី Mary Simon ដែល​ជា​តំណាង​របស់​មហាក្សត្រី​អេលីសាបេត ឱ្យ​រំសាយ​សភា​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។ លោកស្រី​ Simon បាន​សម្រេច​អនុម័ត​សំណើ​របស់​លោក​ Trudeau​។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ Trudeau បាន​រំពឹង​លើ​គណបក្ស​ប្រឆាំង​ ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ដើម្បី​ធ្វើ​ការ​អនុម័ត​ច្បាប់ ច្បាប់​ថវិកា​ជាតិ និង​កញ្ចប់​ថវិកា​ជំនួយ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក​ Trudeau បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​រារាំង​ការ​អនុម័ត​ច្បាប់​នានា​។

ជាមួយ​នឹង​អត្រា​ចាក់​វ៉ាក់សាំង​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក និង​ទស្សនវិស័យ​ប្រសើរ​ឡើង​សម្រាប់​សេដ្ឋកិច្ច​ រួម​ជាមួយ​ជ័យជម្នះ​ថ្មី​ៗ​របស់​គណបក្ស​លោក​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន លោក​ Trudeau បាន​មើល​ឃើញ​ឱកាស​សម្រាប់​ទាមទារ​សំឡេង​ភាគ​ច្រើន​មក​វិញ​ ដែល​លោក​បាន​បាត់បង់​កាល​ពី​ឆ្នាំ​២០១៩​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner