ទូតមីយ៉ាន់ម៉ាប្រចាំ UN ជឿជាក់ថានឹងបន្តគ្រប់គ្រងអាសនៈរបស់ខ្លួន ទោះរងការគំរាមកំហែងនានា
លោក Kyaw Moe Tun ដែលពេលនេះជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ នៅតែជឿជាក់ថា ខ្លួននៅតែអាចបន្តឈរជើងនៅស្ថាប័នពិភពលោកនេះបាន ទោះបីជារងការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ព្រមទាំងការប្រជែងដណ្ដើមយកអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិពីសំណាក់រដ្ឋាភិបាល ដឹកនាំដោយក្រុមយោធាកំពុងកាន់អំណាច។
បុរសវ័យ ៥២ឆ្នាំរូបនេះ ប្រកាសកាលពីខែកុម្ភៈថា លោកតំណាងឱ្យរដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលឈ្នះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ បុរសវ័យ ៥២ឆ្នាំរូបនេះ ជារឿយៗធ្វើការថ្កោលទោសខាងយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។
ការប្រកាន់ជំហរគាំទ្រក្រុមស៊ីវិល ធ្វើឱ្យក្រសួងការបរទេសរបស់រដ្ឋាភិបាលយោធា ប្រកាសដកតំណែងរបស់លោកចេញ ហើយដកលិខិតឆ្លងដែនរបស់លោក ក៏ដូចជាចោទប្រកាន់លោកទូតរូបនេះក្រោមបទល្មើសក្បត់ជាតិ។
កាលពីដើមខែសីហាកន្លងទៅ អាជ្ញាធរយុត្តិធម៌អាមេរិកចាប់ខ្លួនពលរដ្ឋសញ្ជាតិមីយ៉ាន់ម៉ាចំនួន ២នាក់ ក្រោមបទល្មើសនឹងការឃុបឃិតក្នុងការវាយប្រហារ និងបង្កអំពើហិង្សាទៅលើ លោក Kyaw Moe Tun។ យោងតាមពាក្យបណ្ដឹងរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិកហៅកាត់ថា FBI បុរសទាំងពីរនាក់ខាងលើនេះ ជាពលរដ្ឋមីយ៉ាន់ម៉ា ដែលរស់នៅទីក្រុងញូវយ៉ក ដែលម្នាក់មានអាយុ ២៨ឆ្នាំ មានឈ្មោះថា Phyo Hein Htut និងម្នាក់ទៀតមានអាយុ ២០ឆ្នាំមានឈ្មោះថា Ye Hein Zaw។
អ្នកទាំងពីរនេះមានជាប់ពាក់ព័ន្ធជាមួយនឹងឈ្មួញលក់អាវុធនៅប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ឱ្យយោធាមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាច។ នេះបើតាមពាក្យបណ្ដឹងរបស់ភ្នាក់ងារពិសេសរបស់ FBI ដែលបង្ហោះជាសាធារណៈនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌អាមេរិក។ បើតាមសារព័ត៌មាន Irrawaddey ឈ្មួញនេះជាជនជាតិភូមា ដែលមានបណ្ដាញជាមួយយោធាមីយ៉ាន់ម៉ា។
យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា តាមរយៈក្រសួងការបរទេស ឆ្លើយតបទៅវិញថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះឡើយ។
ទាក់ទិននឹងរឿងនេះដែរ លោក Kyaw Moe Tun សរសេរសារអរគុណដល់លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធធ្វើការលើសំណុំរឿងនេះ នៅលើបណ្ដាញសង្គម Twitter។
លោកទូតមីយ៉ាន់ម៉ារូបនេះប្រាប់សារព័ត៌មាន The National ថា លោក Phyo Hein Htut ធ្លាប់ធ្វើការជាសន្តិសុខស្ម័គ្រនៅការិយាល័យធ្វើការរបស់លោកនាឯទីក្រុងញូវយ៉ក។ បន្ថែមពីលើនេះ លោកប្រាប់វិទ្យុអាស៊ីសេរីថា លោកដឹងព័ត៌មានពីការវាយប្រហារលើរូបលោកតាមរយៈសហគមន៍ជនជាតិភូមា នៅញូវយ៉ក តែលោកមិនបង្ហើបថា ភាគីណាចង់វាយប្រហាររូបលោកនោះទេ។
បើតាមពាក្យបណ្ដឹងរបស់អាជ្ញាធរអាមេរិក លោក Htut បានព្រមជាមួយខាងឈ្មួញអាវុធថា នឹងជួលមនុស្សឱ្យធ្វើទុក្ខបុកម្នេញដល់លោកទូតមីយ៉ាន់ម៉ា ដើម្បីជាការបង្ខំឱ្យមន្ត្រីរូបនេះចុះចេញពីតំណែង ហើយប្រសិនបើមិនចុះចេញទេ ខាងឈ្មួញនោះប្រាប់ឱ្យ ក្រុមមនុស្សដែលជួលលោក Htut ឱ្យសម្លាប់លោកទូតនោះតែម្ដង។
អាសនៈតំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ នឹងក្លាយជាប្រធានបទក្ដៅនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ខណៈគណៈកម្មការទទួលសារតាំងរបស់ស្ថាប័ននេះនឹងសម្រេចនៅខែកញ្ញាថា លោក Kyaw Moe Tun ជាអ្នកតំណាងមីយ៉ាន់ម៉ា ឬ បេក្ខភាពមកពីខាងយោធាជាតំណាងប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងហ៊ុមព័ទ្ធដោយវិបត្តិនយោបាយ និងសង្គម-សេដ្ឋកិច្ច។
ជាមួយនឹងបញ្ហានេះដែរ លោក Kyaw Moe Tun លើកឡើងប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្មីៗនេះថា «យើងកំពុងតែរៀបចំសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៦ ដែលនឹងចាប់ផ្ដើមនៅខែក្រោយ។ សម្រាប់សម័យប្រជុំលើកទី៧៥ នៅពេលបច្ចុប្បន្ននឹងផុតកំណត់នៅខែកញ្ញា ហើយកន្លងមក យើងមិនមានបញ្ហាប្រឈម ឬ ការជំទាស់ [ពីភាពស្របច្បាប់នៃការតំណាងមីយ៉ាន់ម៉ា] នោះទេ»។
«យ៉ាងណាក៏ដោយ យើងនឹងជួបបញ្ហានៅសម័យប្រជុំ [ទី៧៦] ដោយសារតែម្ខាងទៀត (សំដៅលើរដ្ឋាភិបាលយោធា) នឹងដាក់សំណើទៅកាន់គណៈកម្មការទទួលសារតាំងដើម្បីតែងតាំងបេក្ខភាពថ្មី» នេះបើតាមការបន្ថែមរបស់លោក។
កាលពីខែឧសភាកន្លងទៅ ខាងរដ្ឋាភិបាលណៃពិដោ តាមរយៈរដ្ឋមន្ត្រីការបរទេសលោក Wunna Muang Lwin បានសរសេរលិខិតទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres កាលពីខែឧសភាកន្លងទៅថា លោក Kyaw Moe Tun ត្រូវបានដកចេញពីតំណែង ហើយជំនួសវិញដោយលោក Aung Thurein ដែលមានប្រវត្តិជាមន្ត្រីយោធាជិត ៣០ឆ្នាំ។
លោក Kyaw Moe Tun និយាយប្រាប់សារព័ត៌មាន The National ថា «អាសនៈនេះមានសារៈសំខាន់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ តាមរយៈកៅអីនេះ ខ្ញុំអាចនាំសាររបស់ប្រជាជនមីយ៉ាន់ម៉ា និងជម្រាបទៅកាន់សហគមន៍អន្តរជាតិ អំពីការចង់បានរបស់ប្រជាជនមីយ៉ាន់ម៉ា»។ លោកបន្តថា លោក «ជឿជាក់» ដែលសមាជិកនៃគណៈកម្មការទទួលសារតាំងរបស់អង្គការសហប្រជាជាតិ «នឹងស្ដាប់សំឡេងរបស់ប្រជាជនមីយ៉ាន់ម៉ា»។
ទាក់ទងនឹងរឿងនេះដែរ លោកទូតមីយ៉ាន់ម៉ារូបនេះទម្លាយប្រាប់សារព័ត៌មាន Financial Times ថា លោកកន្លងមកប្រមែប្រមូលសំឡេងគាំទ្រពីសំណាក់អ្នកការទូតមកពីប្រទេសលោកខាងលិច ប្រទេសអាមេរិកឡាទីន ក៏ដូចជាប្រទេសអាហ្វ្រិក។ លោកនិយាយថា លោកទទួលបានសញ្ញាល្អៗច្រើន តាមរយៈសន្ទនាជាមួយអស់លោក-លោកស្រីអ្នកការទូតប្រទេសទាំងនេះ។
លោក Damian Lilly ប្រធានផ្នែកការពារនៃគម្រោងតម្លាភាពមីយ៉ាន់ម៉ា យល់ឃើញថា «ប្រសិនបើក្រុមណាក្លាយជាអ្នកតំណាងមីយ៉ាន់ម៉ា នោះជាសញ្ញាប្រាប់ទៅកាន់ប្រជាជនមីយ៉ាន់ម៉ាថា ក្រុមជាក្រុមដឹកនាំប្រកបដោយភាពស្របច្បាប់»។
លោក Lilly ប្រាប់សារព័ត៌មាន Financial Times ថា គណៈកម្មការទទួលសារតាំងអាចនឹងមិនទទួលស្គាល់បេក្ខភាពតំណាងមកពីក្រុមយោធា ក៏ដូចជាមិនបន្តទទួលស្គាល់លោក Kyaw Moe Tun តទៅទៀត ហើយទុកអាសនៈអង្គការសហប្រជាជាតិឱ្យនៅទំនេរ៕