នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងគណៈរដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ
កាលពីថ្ងៃចន្ទ ទី១៦ សីហានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីរបស់លោកបានលាលែងពីតំណែងបន្ទាប់ពីពួកគេបានចូលគាល់ព្រះមហាក្សត្រម៉ាឡេស៊ី នេះបើតាមការលើកឡើងរដ្ឋមន្ត្រីមួយរូប។
![](https://asset.ams.com.kh/central/media/ycscreens160821.jpg)
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម៉ាឡេស៊ីលោកKhairy Jamaluddin បានបង្ហោះសារមួយលើបណ្ដាញសង្គម Instagram ថាកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីត្រូវបានបានបញ្ចប់កាលពីព្រឹកថ្ងៃចន្ទ ហើយលោកបាននិយាយថា៖ «សូមអរគុណជាថ្មីម្តងទៀត ចំពោះឱកាសដើម្បីបម្រើប្រទេសជាតិ។ សូមព្រះប្រទានពរដល់ប្រទេសម៉ាឡេស៊ី»។
ការលាលែងទាំងនេះ គឺបានបញ្ចប់ការគ្រប់គ្រងរយៈពេល១៨ខែរបស់លោក Muhyiddin បន្ទាប់ការដឹកនាំរបស់លោកត្រូវបានគេប្រឆាំងអស់ជិតពីសប្ដាហ៍ ដែលចាប់ផ្ដើមនៅពេលសមាជិកសភាមកពីបក្ស UMNO ចំនួន ១១ នាក់បានដកការគាំទ្ររបស់គេកាលពីថ្ងៃទី៣ សីហា។
ប៉ុន្តែការទម្លាក់លោក Muhyiddinពីតំណែងអាចនឹងបង្កភាពចលាចលបន្ថែមទៀតក្នុងនយោបាយប្រទេសម៉ាឡេស៊ី ខណៈពេលគេមិនទាន់ដឹងច្បាស់ថានរណាគេនឹងមានសិទ្ធបង្កើតរដ្ឋាភិបាលបន្ទាប់ពីការចាកចេញរបស់លោក។ បើទោះបីជាមានការជួបប្រជុំជាច្រើនរវាងគណបក្សនានាកាលពីចុងសប្ដាហ៍គេនៅមិនទាន់រកឃើញបេក្ខជនអាចជំនួសលោក Muhyiddin បានទេ។
លោក Muhiyiddin ត្រូវបានអ្នកវិភាគគិតថានឹងនៅគាំទ្របេក្ខជនមកពីសម្ព័ន្ធភាពនយោបាយ PN របស់លោក ដែលមាន ១០០ អាសនៈក្នុងសភា ២២២អាសនៈ។ លោក Muhiyiddin ក៏អាចត្រូវតែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈពេលដែលព្រះមហាក្សត្រ Sultan Abdullah Ahmad Shah ស្វែងរកបេក្ខជនបង្កើតរដ្ឋាភិបាល។
រីឯមេដឹកនាំបក្សប្រឆាំងលោក Anwar Ibrahim វិញ មានអាសនៈចំនួន ៨៨ ប៉ុន្តែសមាជិកសភាភាគច្រើនប្រឆាំងការគ្រប់គ្រងរបស់លោក ឬមានការប្ដេជ្ញាជាមួយបក្ស UNMO ក្នុងការមិនចូលសម្ព័ន្ធភាពជាមួយលោក។
ជម្រើសមួយទៀតដែលបើកចំហចំពោះព្រះមហាក្សត្រគឺការរំសាយសភា ហើយរៀបចំការបោះឆ្នោតជាថ្មីក្នុងរយៈពេល ៦០ថ្ងៃក្រោយពីការរំសាយ។ ប៉ុន្តែជម្រើសនេះនឹងបង្ខំឱ្យប្រជាជនម៉ាឡេស៊ីប្រមូលផ្ដុំគ្នាខណៈពេលដែលមានការឆ្លងជំងឺកូវីដ-១៩ យ៉ាងខ្លាំង៕