ផ្ទុះធុងប្រេង នៅលីបង់បណ្ដាលអោយមានមនុស្សស្លាប់ចំនួន ២៨ នាក់
យោងតាមក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានឲ្យដឹងថា ការផ្ទុះធុងប្រេងឥន្ធនៈមួយនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងតិច ២៨ នាក់និងរាប់សិបនាក់ទៀតរងរបួស។
កាកបាទក្រហមលីបង់ ដែលជាអ្នកស្ម័គ្រចិត្ត ដែលផ្តល់សេវាកម្ម រថយន្តសង្គ្រោះបន្ទាន់ភាគច្រើនរបស់ប្រទេស បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា. មានមនុស្សយ៉ាងតិច ៧៩ នាក់បានរងរបួសនៅក្នុងការផ្ទុះនៅតំបន់ Akkar ភាគខាងជើងដែលជាតំបន់ដាច់ស្រយាលជាប់ព្រំដែនប្រទេសស៊ីរី។ ឧបទ្ទវហេតុនេះ គឺជាគ្រោះមហន្តរាយដ៏ធំបំផុតរបស់ប្រទេសលីបង់ដែលជួបវិបត្តិចាប់តាំងពីការផ្ទុះកំពង់ផែបេរូតកាលពីឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បាននិយាយថាមូលហេតុពិតប្រាកដនៃការផ្ទុះធុងប្រេងឥន្ធនៈលើកនេះ នៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែវាបានកើតឡើងនៅក្បែរកន្លែងផ្ទុកប្រេងខុសច្បាប់ដែលអ្នកស្រុកបានរកឃើញនៅរសៀលថ្ងៃដដែលនោះ។
លោកស្រី Diana Menhem នាយកគ្រប់គ្រងនៃក្រុមបញ្ចុះបញ្ចូលនិងគាំទ្រកំណែទម្រង់ ឈ្មោះKulluna Irada បាននិយាយថា « វាជាមហន្តរាយមួយ ។ អ្វីដែលកាន់តែមានភាពមហន្តរាយ ជាងនេះ គឺថាគ្មានយន្តការនៅនឹងកន្លែងសម្រាប់គ្រោះថ្នាក់នេះទេ។» លោកស្រីបានបន្ថែមថា ក៏មិនទាន់ឃើញមានយន្តការសម្រាប់ជួយប្រជាជន ទប់ទល់នឹងសម្ពាធអតិផរណាដែលអត្រាទីផ្សារប្រេងថ្មីអាចនឹងបង្ក។ អង្គការសហប្រជាជាតិនិងធនាគារពិភពលោក បានប៉ាន់ប្រមាណថា ប្រជាជនលីបង់ជាងពាក់កណ្តាលរស់នៅក្រោមអត្រាភាពក្រីក្រ។
វិបត្តិសេដ្ឋកិច្ច និងនយោបាយដែលប្រទាក់ក្រឡាគ្នារបស់ប្រទេសលីបង់ បានធ្លាក់ចូលក្នុងសភាពកាន់តែអាក្រក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃពុធ ធនាគារកណ្តាលរបស់លីបង់បានប្រកាសការសម្រេចចិត្តជាឯកតោភាគី ដើម្បីបញ្ឈប់ការឧបត្ថម្ភដល់វិស័យប្រេងឥន្ធនៈ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរជាថ្មី។